លីបង់ទទូចឱ្យអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល​​ ឱ្យបញ្ឈប់ការវាយប្រហារ ខណៈអ្នកស្លាប់បន្តកើនឡើង (Video inside)

11-05-2026 22:37

(បេរូត)៖ ប្រធានាធិបតីលីបង់ បានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើប្រទេសអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារ និងការកម្ទេចផ្ទះសម្បែងនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលចំនួនអ្នកស្លាប់កំពុងបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា មនុស្ស ៧៤នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលត្រឹមតែបីថ្ងៃចុងក្រោយនេះ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២,៨៦៩នាក់ ចាប់តាំងពីជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងវិញកាលពីថ្ងៃទី២ ខែមីនា។ ការប្រយុទ្ធគ្នានេះនៅតែបន្តយ៉ាងក្តៅគគុក ជាពិសេសនៅភាគខាងត្បូង បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសបទឈប់បាញ់កាលពីពាក់កណ្តាលខែមេសាក៏ដោយ។

បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់តំបន់ភាគខាងត្បូងប្រទេសលីបង់ ដោយអះអាងថាដើម្បីបង្កើត «តំបន់សុវត្ថិភាព» ការពារការវាយប្រហារពីក្រុមហេសបូឡា។ កន្លងមក ប្រទេសអ៊ីរ៉ង់ធ្លាប់បានបញ្ចូលលក្ខខណ្ឌធានាសន្តិសុខដល់លីបង់ ទៅក្នុងសំណើបញ្ចប់សង្គ្រាមតំបន់ឈូងសមុទ្ររបស់ខ្លួន ប៉ុន្តែសំណើនោះត្រូវបានលោក ដូណាល់ ត្រាំ ច្រានចោលទាំងស្រុង៕