សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងអាស៊ែបៃហ្សង់ បំពេញឱ្យគ្នារវាងស្បៀង និងថាមពល (Video inside)
12-05-2026 11:20
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និងអាស៊ែបៃហ្សង់ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការបំពេញឱ្យគ្នារវាងស្បៀង និងថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ និងសហការី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់នៅពេលនេះ ជាការរួមចំណែកដោយការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ឱ្យកាន់តែរឹងមាំបន្តទៀត។
ក្នុងឱកាសនោះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានអរគុណជាអនេកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតលោក និងសហការីបានជួបសម្ដែងការគួរសម។
តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្ញប់ស្ញែង អំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ លោក បានលើកឡើងថា ប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីលើនេះ លោក បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នា។
លោក ជា ធីរិទ្ធ បានឱ្យដឹងទៀតថា តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានសង្កត់ទៅលើកិច្ចសន្ទនានយោបាយ ដែលប្រទេសទាំងពីរមានជាមួយគ្នា ដែលជាផ្នែកធ្វើឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ។ បន្ថែមពីលើនេះ លោកក៏សំឡឹងមើលនៃការពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្មទេសចរណ៍ដែលបម្រើដល់ក្របខណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ាបៃហ្សង់។
សម្ដេចតេជោ ហ៊ុន សែន រីករាយចំពោះការលើកឡើងរបស់តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកទំនាក់ទំនងនៅក្នុងក្របខណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ សម្ដេចតេជោ បានបន្តថា ជាញឹកញាប់សម្តេចចង់ឃើញទំនាក់ទំនងរវាងប្រទេសនីមួយៗ ជាពិសេសនិយាយដោយឡែករវាងកម្ពុជា និងអាស៊ែបៃហ្សង់ គឺស្របទៅនឹងទំនាក់ទំនងនយោបាយល្អជាមួយគ្នានេះ ត្រូវពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។
សម្ដេចតេជោប្រមុខរដ្ឋស្តីទី សង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ ជាប្រទេសដែលមានសន្តិសុខថាមពល គឺជាប្រទេសសម្បូរដោយថាមពល រីឯកម្ពុជាជាប្រទេសមានសន្តិសុខស្បៀង ដែលមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើន។ ដូច្នេះប្រទេសទាំងពីរ អាចពង្រីកទំនាក់ទំនងគ្នាបន្ថែមក្នុងក្របខណ្ឌ នៃការបំពេញឱ្យគ្នាទៅវិញទៅមក។ កម្ពុជា បំពេញស្បៀងដល់អាស៊ែបៃហ្សង់ ហើយអាស៊ែបៃហ្សង់ បំពេញសន្តិសុខថាមពលដល់កម្ពុជា ដែលនេះជាចំណងមិត្តភាពមួយបន្ថែមទៀត តាមរយៈការពង្រីកនូវពាណិជ្ជកម្មតាមបំពេញឱ្យគ្នាទៅវិញទៅមក៕














