ឧត្តមសេនីយ៍ត្រី ងួន វ៉ា បន្តចុះត្រួតពិនិត្យចំនួនទ័ព-កូន និងស្ថានភាពយោធិនដល់អាយុចូលសោធននិវត្តន៍ ដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត

12-05-2026 14:28

(បន្ទាយមានជ័យ)៖ អនុគណៈកម្មការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិននៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ ដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

គួរឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានចុះត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំ នេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយសេនាធិការ-នាយសេនាធិការរង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថទាំង ៩ក្រុង-ស្រុក ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរាយការណ៍សង្ខេបពាក់ព័ន្ធទៅ នឹងវឌ្ឍនភាពការងារបញ្ជាការដ្ឋានកងរាជអាវុធហត្ថបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» រួមនឹងកិច្ចការសង្គមជាច្រើន។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ ខេត្ត ក៏បានចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង ក្នុងភូមិសាស្ត្របន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យមានរបួស ពិការ និងពលីក្នុងសមរភូមិផងដែរ។

លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានផ្ដាំផ្ញើរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវការដឹងគុណចំពោះកងរាជអាវុធហត្ថដែលហ៊ាន លះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងកាលពីពេលកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កងរាជអាវុធហត្ថ មិនត្រឹមតែចូលរួមការពារសន្តិសុខជូន ប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ក៏បានលះបង់យ៉ាងធំធេងតស៊ូប្រយុទ្ធការពារជាតិ ការពារប្រជាជន។

លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះធ្វើធ្វេីការត្រួតពិនិត្យចំនួនទ័ព-កូន ដើម្បីធ្វើបច្ចុប្បន្នភាព ដល់យោធិនដែលដល់អាយុត្រូវចូលនិវត្តន៍៕