បណ្ឌិត ជា មុនីឫទ្ធិ៖ ចិន-អាមេរិក ពីការរួមគ្នាបិទបញ្ចប់សង្គ្រាមលោកទាំងពីរលើក ទៅការរួមគ្នាសម្រាប់អនាគតរបស់មនុស្សជាតិ

12-05-2026 14:39

(ភ្នំពេញ)៖ ប្រទេសចិន និងសហរដ្ឋអាមេរិក ជាអ្នកដឹកនាំពីរដ៏សំខាន់នៅលើពិភពលោក និងជាសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ការប្រាស្រ័យទាក់ទងរវាងប្រទេសទាំងពីរមានឥទ្ធិពលយ៉ាងទូលំទូលាយ និងជាសកល។ តើគួរតែប៉ះទង្គិច ប្រឈមមុខ និងធ្វើឱ្យគ្នាខ្សោយចុះ? ឬគួរតែទាក់ទងគ្នាដោយភាពស្មោះត្រង់ និងសុចរិត?

លោកបណ្ឌិត ជា មុនីឫទ្ធិ ក្នុងនាមជាអ្នកជំនាញវឌ្ឍៈភាពកម្ពុជា-ចិន បានឲ្យដឹងថា ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាមេរិក បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់រួចហើយ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កងយន្តហោះ Flying Tigers របស់អាមេរិក បានអនុវត្តបេសកកម្មដឹកជញ្ជូនតាមផ្លូវអាកាស Hump ដែលពោរពេញដោយគ្រោះថ្នាក់ ហើយបានប្រយុទ្ធស្មារតីរួមគ្នាជាមួយប្រជាជនចិនប្រឆាំងនឹងពួកហ្វាស៊ីស។

បន្ទាប់បិទបញ្ចប់សង្រ្គាមលោកលើកទី២ ឈានដល់សម័យសង្គ្រាមត្រជាក់ ការទូតប៉េងប៉ុង ដែលបាល់តូចបង្វិលពិភពធំ បានធ្វើឱ្យមានការចាប់ដៃគ្នាឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ នៅឆ្នាំបន្ទាប់ៗ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក បានបង្ហាញពីអត្ថប្រយោជន៍របស់ភាគីទាំងពីរ និងនាំមកនូវលទ្ធផលឈ្នះ-ឈ្នះ។ ពួកគេបានរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្ម ដោះស្រាយវិបត្តិហិរញ្ញវត្ថុ និងប្រយុទ្ធប្រឆាំងជំងឺ Ebola។ ម្តងហើយម្តងទៀត មនុស្សជាច្រើនបានឃើញថា នៅពេលចិននិងអាមេរិក ចាប់ដៃសហការ ពួកគេអាចបង្កើតថាមពលវិជ្ជមានសម្រាប់ពិភពលោក។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

ក្នុងនាមជាអ្នកសិក្សាពីចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានមើលឃើញថាសព្វថ្ងៃនេះ ពាណិជ្ជកម្មរវាងចិននិងអាមេរិក មានទំហំស្មើនឹងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) នៃសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥ របស់ពិភពលោក។ ក្រុមហ៊ុនអាមេរិកចំនួន៨០,០០០ កំពុងវិនិយោគនៅប្រទេសចិន។ ៨០%នៃអ្នកផ្គត់ផ្គង់សំខាន់របស់ Apple មានរោងចក្រនៅចិន។ រោងចក្រ Gigafactory របស់ Tesla នៅសៀងហៃ ផលិតបានពាក់កណ្តាលនៃទិន្នផលសកលរបស់ក្រុមហ៊ុន។ ទាំងអស់នេះបង្ហាញថា ការជួយគ្នាឱ្យទទួលបានជោគជ័យ និងរីកចម្រើនរួមគ្នារវាងចិននិងអាមេរិក គឺជាអនាគតដែលអាចសម្រេចបានពិតប្រាកដ។ វានឹងបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងផ្តល់អត្ថប្រយោជន៍ដល់ពិភពលោកទាំងមូល។

សំខាន់ជាងនេះទៅទៀត លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រជាជនចិននិងអាមេរិក សុទ្ធតែចង់បានជីវិតដែលពោរពេញដោយសន្តិភាព និងសុភមង្គល។ ក្តីរីករាយ និងទុក្ខព្រួយរបស់ពួកគេ មិនខុសគ្នាច្រើនទេ។ ការជជែកតាមអ៊ីនធឺណិត និងការប្រាស្រ័យផ្ទាល់រវាងពួកគេ បានឆ្លុះបញ្ចាំងពីរបៀបដែលពិភពលោកគួរតែមាន។ ទាំងចិន និងអាមេរិក មិនអាចកែប្រែគ្នាទៅវិញទៅមកបានទេ ប៉ុន្តែពួកគេអាចជ្រើសរើសរបៀបក្នុងការទាក់ទងគ្នា។ ជម្រើសដ៏ត្រឹមត្រូវ គឺការប្តេជ្ញាចិត្តចំពោះគោលការណ៍គោរពគ្នាទៅវិញទៅមក រក្សាការរួមរស់ដោយសន្តិភាព និងខិតខំឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕