បទយកការណ៍៖ សមាគមសិប្បករខ្មែរ នៅស្រុកបារាយណ៍ ផ្តល់ក្តីសង្ឃឹមដល់ស្ត្រី និងអ្នកមានជីវភាពខ្សត់ខ្យោយ មានឱកាសរកចំណូល តាមរយៈបង្រៀនកាត់ដេរ និងបង្រៀនតំបាញ (Video inside)

12-05-2026 15:04

(កំពង់ធំ)៖ សមាគមសិប្បករខ្មែរហៅកាត់ថា KCC ស្រុកបារាយណ៍ បានផ្តល់ក្តីសង្ឃឹមដល់ស្ត្រី និងអ្នកដែលមានជីវភាពខ្សត់ខ្យោយ ឲ្យគាត់មានឱកាសក្នុងការរកចំណូលតាមរយៈ បង្រៀនកាត់ដេរ និងបង្រៀនតំបាញ។

លោកស្រី ណោម វណ្ណៈ នាយិការបស់សមាគមសិប្បករខ្មែរហៅកាត់ថា kcc បានបញ្ជាក់ថា សមាគមសិប្បករខ្មែរ​ បានចាប់ផ្ដើមឡើងនៅក្នុងជាគំរោងរបស់ NGO អ្នកភូមិគាត់ស្គាល់កន្លែងរបស់យើង តែងតែហៅថា សង្ឃឹមជាកន្លែងមួយ ដែលផ្ដល់ឱកាសការងារដល់ស្ត្រី ហើយនិងអ្នកដែលមានជីវភាពខ្សត់ខ្យោយ ឲ្យគាត់មានឱកាសក្នុងការរកចំណូល តាមរយៈការងារហើយ និងជំនាញរបស់គាត់។

សមាគមសិប្បករខ្មែរបានបង្រៀនកាត់ដេរ បង្រៀនតំបាញពីព្រោះយើងចង់ឲ្យអ្នកនៅទីនេះ រក្សានៅប្រពៃណីទំនៀមទម្លាប់ ព្រោះការតម្បាញជាអត្តសញ្ញាណរបស់ខ្មែរយើង។ លោកស្រីបញ្ជាក់ទៀតថា សម្រាប់ការកាត់ដេរវិញគឺយើងប្រើវត្ថុធាតុដើម ហើយនិងក្រណាត់កែច្នៃពីកាកសំណល់។

លោកស្រីបន្តថា សមាគមសិប្បករខ្មែរ តាំងពីយើងបង្កើតមកមានសមាជិករាប់រយនាក់ហើយ ដោយមានអ្នកខ្លះធ្វើការជាង១០ឆ្នាំមកហើយ ឯអ្នកខ្លះទៀត គាត់នៅបន្តការងារ យកធ្វើនៅតាមផ្ទះ សព្វថ្ងៃយើងមានសមាជិកជាង ២០នាក់ នៅជំនាញកាត់ដេរ តំបាញ សម្រាប់សមាជិករបស់យើងនៅទីនេះគឺយើងជួយគាត់ក្នុងការបង់ភាគទាន ប ស ស ទាំង ប ស ស នៅលើហានិភ័យការងារ ប ស ស លើសុខភាពហើយនិង ប ស ស នៅពេលដែលគាត់មានអាយុចូលនិវត្តន៍ ដើម្បីឲ្យគាត់ទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្ដល់ឲ្យ។

លោកស្រីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ យើងសូមឲ្យរក្សាហើយនិងគាំទ្រគ្នាទៅវិញទៅមកជាពិសេសវិស័យតំបាញ ឲ្យនៅតែប្រើប្រាសក្រមាយើង។

លោកស្រី ជា សារ៉ាន់ និង លោកស្រី ហុង ស្រីនាថ រស់នៅភូមិសួស្តី ឃុំបារាយណ៍ ស្រុកបារាណ៍ បានលើកឡើងស្រដៀងគ្នាថា លោកស្រីធ្វើការនៅក្នុងមជ្ឈមណ្ឌលនេះ ជាង ២០ឆ្នាំហើយពិតជាមានមានអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង ដោយសារបានទទួលអត្ថប្រយោជន៍ជាច្រើន និងបាននៅជិតផ្ទះជួបជុំគ្រួសារផង។

ជាមួយគ្នានេះ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ សូមគាំទ្រជាមួយសហគមន៍មណ្ឌលសិប្បកម្មខ្មែរ ដែលបានរួមចំណែកថែរក្សានៅវប្បធម៌ប្រពៃណី ដែលមានតាំងពីដូនថារបស់យើង។ ក្នុងនាមអាជ្ញាធរ និងបន្តស្វែងរក ក៏ដូចជារកដៃគូសហការចុះយ៉ាងណាឲ្យសហគមន៍កាន់តែរីកចម្រើនជាបន្តទៀត ក៏ដូចជាស្វែងរកនៅឱកាសទីផ្សារផ្សេងៗសម្រាប់ឲ្យសហគមន៍។

រឹតតែមានឱកាសពង្រីកខ្លួនឲ្យបានគិតតែធំជាងនេះទៅទៀត ដើម្បីរួមចំណែកទៅដល់ការលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជារួមចំណែកថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរ របស់យើងដ៏ផូផង់៕