វេជ្ជបណ្ឌិត គួង ឡូ នាំសាររដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «មន្រ្តីផ្តល់សេវាត្រូវកសាងទំនុកចិត្ត និងផ្តល់សេវាប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ»
12-05-2026 16:16
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងនូវការណែនាំ និងការក្រើនរំលឹករបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដល់មន្រ្តីសុខាភិបាល គ្រប់ជាន់ថ្នាក់ ដោយផ្តោតសំខាន់លើការកសាងទំនុកចិត្តរបស់ ប្រជាពលរដ្ឋចំពោះសេវាសុខាភិបាលសាធារណៈ តាមរយៈការ ផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ស្តីពីការពង្រឹងការងារ និងការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងការចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom។
លោក គួង ឡូ បានថ្លែងលើកឡើងថា មន្រ្តីផ្តល់សេវា សុខាភិបាល ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ និងបដិសណ្ឋារកិច្ចល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានជំនឿ និងទុកចិត្តលើការពិនិត្យ ព្យាបាល និងការផ្តល់សេវានានា។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡ បានថ្លែងលើកយកចំណុចសំខាន់ៗជាច្រើន ដើម្បីជំរុញការពង្រឹងគុណភាពសេវា សុខាភិបាល រួមមានការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ការរាយការណ៍ឧបទ្ទវហេតុផ្សេងៗ ដែលអាចកើតមានក្នុង មូលដ្ឋានសុខាភិបាល និងការពង្រឹងតួនាទីក្រុមអភិបាលក្នុងការចុះតាមដាន វាយតម្លៃ និងកែលម្អចំណុចខ្វះខាតឱ្យ មានប្រសិទ្ធភាព។
លោកមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងណែនាំឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការបង្ការ និងទប់ស្កាត់ការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ ជាពិសេសការអនុវត្តអនាម័យលាងដៃឱ្យបានត្រឹមត្រូវ មុន និងក្រោយពេលពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការឆ្លងរោគ ក្នុងមូលដ្ឋានសុខាភិបាល។
លោកបានថ្លែងក្រើនរំលឹកបន្ថែមឱ្យមន្រ្តី និង ថ្នាក់ដឹកនាំគ្រប់មូលដ្ឋាន មានភាពម្ចាស់ការ និងចេះធ្វើការងារ ដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយសកម្ម ដោយមិនចាំបាច់រង់ចាំការណែនាំជាមុននោះទេ ប្រសិនបើការងារ នោះមិនផ្ទុយនឹងច្បាប់ និងបទបញ្ជា។
ទន្ទឹមនឹងនេះលោកប្រធានមន្ទីរ ក៏បានសង្កត់ធ្ងន់លើការរៀបចំសោភ័ណភាព និងអនាម័យនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅមានកន្លែងមួយចំនួនមិនទាន់មានភាពស្អាតល្អប្រសើរនៅឡើយ ដោយត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីបង្កើតបរិយាកាសល្អសម្រាប់អ្នកជំងឺ និងអ្នកមកទទួលសេវា។
វេជ្ជបណ្ឌិត គួង ឡ ក៏បានណែនាំឱ្យមូលដ្ឋាន សុខាភិបាល ប្រើប្រាស់ថវិកាប្រភព៦២០២៨ ឱ្យមានប្រសិទ្ធភាព ក្នុងការទិញសម្ភារៈបរិក្ខាពេទ្យចាំបាច់ និង បំពាក់សូឡា ជាពិសេសនៅបន្ទប់សម្រាលកូន ខណៈទីតាំង ដែលមានប្រព័ន្ធអគ្គិសនីគ្រប់គ្រាន់ គួរតែបំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីបង្កើនផាសុកភាពក្នុងការផ្តល់សេវា។
លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បំពេញការងារដោយយកចិត្តទុកដាក់ មានទំនួលខុសត្រូវ សាមគ្គីភាព និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីរួមគ្នាពង្រឹងគុណភាពសេវាសុខាភិបាល និងបម្រើ ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕


















