Fresh Exclusive: ពីការលុប MoU 2001 ទៅ UNCLOS 1982៖ ហេតុអ្វីសម្តេចតេជោ ហ៊ុន សែន ព្រមានកុំឱ្យវិលទៅកាន់ទ្វេភាគីថ្មី? (Video inside)

12-05-2026 17:28

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីកម្ពុជា បានរំលឹកម្តងទៀតដល់នាយករដ្ឋមន្ត្រីកម្ពុជាថា «សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ឧសភា បានធ្វើឡើងក្រោយមានការចុះផ្សាយដោយសារព័ត៌មានថៃថា រដ្ឋមន្ត្រីការទេសថៃ បាននិយាយថាក្រោមអនុសញ្ញាច្បាប់សមុទ្រ UNCLOS ការចរចាទ្វេភាគី គួរតែជាវិធីសាស្ត្រចម្បងជាមុនសិន។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ ...

ប្រសាសន៍របស់ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការបញ្ចេញមតិនយោបាយធម្មតាមួយ ជុំវិញជម្លោះសមុទ្ររវាងកម្ពុជា និងថៃប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាជាសារនយោបាយ និងយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនគួរវិលត្រឡប់ទៅកាន់ការចរចាទ្វេភាគីថ្មីម្តងទៀតឡើយ បន្ទាប់ពីក្របខណ្ឌទ្វេភាគីចាស់ ត្រូវបានភាគីថៃលុបចោលដោយឯកតោភាគី។

សម្តេចតេជោ បានថ្លែងយ៉ាងច្បាស់តាមសារបណ្តាញសង្គមជាផ្លូវការថា៖ «សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។

ប្រសាសន៍នេះ បានធ្វើឡើងក្រោយមានការចុះផ្សាយដោយសារព័ត៌មានថៃថា រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ក្រោមអនុសញ្ញាច្បាប់សមុទ្រ UNCLOS «វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន»។ ប៉ុន្តែសម្រាប់កម្ពុជា ការលើកឡើងបែបនេះ បានបង្កើតសំណួរធំមួយ៖ តើហេតុអ្វីកម្ពុជាត្រូវវិលត្រឡប់ទៅកាន់យន្តការទ្វេភាគីថ្មីម្តងទៀត ខណៈក្របខណ្ឌទ្វេភាគីចាស់ត្រូវបានបំផ្លាញដោយភាគីថៃរួចទៅហើយ?

* ថៃជាអ្នកបំបែកក្របខណ្ឌទ្វេភាគីដោយខ្លួនឯង

អស់រយៈពេលជាង២៥ឆ្នាំ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឬ MoU 2001 បានដើរតួនាទីជាក្របខណ្ឌទ្វេភាគីដ៏សំខាន់បំផុត សម្រាប់ការគ្រប់គ្រង និងការចរចាលើតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។ កម្ពុជា បានបន្តគោរព និងប្រើប្រាស់ក្របខណ្ឌនេះជាបន្តបន្ទាប់អស់ជាងពីរទសវត្សរ៍។ ប៉ុន្តែទីបំផុត ភាគីថៃបានសម្រេចលុប MoU 2001 ដោយឯកតោភាគី។ ការសម្រេចចិត្តនេះ មិនមែនគ្រាន់តែជាការលុបឯកសារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបំផ្លាញ «ក្របខណ្ឌនៃការចរចាទ្វេភាគី» ដែលប្រទេសទាំងពីរធ្លាប់ពឹងផ្អែកលើវា។ នេះហើយជាមូលហេតុដែលសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យថា «គួរតែចរចាទ្វេភាគីជាមុនសិន» នោះ គឺផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃខ្លួនឯង ដែលបានលុបក្របខណ្ឌទ្វេភាគីនោះរួចទៅហើយ។

ក្នុងន័យនេះ កម្ពុជាមិនមែនជាអ្នកដើរចេញពីយន្តការទ្វេភាគីនោះទេ។ ផ្ទុយទៅវិញយន្តការទ្វេភាគី គឺត្រូវបានបំផ្លាញដោយភាគីថៃ។ ដូច្នេះការព្យាយាមទាញកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ «យន្តការទ្វេភាគីថ្មី» ម្តងទៀត អាចត្រូវបានមើលឃើញថា ជាការបង្កើតការចរចាសាជាថ្មីណាមួយ ដែលគ្មានការធានាស្ថិរភាពរយៈពេលវែងបានឡើយ។

*ពីការចរចានយោបាយ ទៅកាន់យន្តការច្បាប់អន្តរជាតិ

ការដែលកម្ពុជា ជ្រើសរើសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS មានន័យថា កម្ពុជា កំពុងបម្លែងជម្លោះនេះពីការចរចានយោបាយ ទៅកាន់យន្តការច្បាប់អន្តរជាតិ។ ចំណុចសំខាន់បំផុត គឺយន្តការនេះ មិនអាស្រ័យលើការយល់ព្រមផ្នែកនយោបាយរបស់ភាគីម្ខាងទៀតនោះទេ។ នេះហើយជាមូលហេតុ ដែលសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា គួរដើរត្រង់ទៅរក UNCLOS 1982 «ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃ» ឡើយ។

ក្នុងន័យនេះ កម្ពុជាកំពុងព្យាយាមបម្លែងជម្លោះនេះ «ពីការចរចាដោយផ្អែកលើសម្ពាធអំណាច ទៅកាន់យន្តការដែលផ្អែកលើច្បាប់»។ មានន័យថា ជំនួសឱ្យការប្រកួតសម្ពាធនយោបាយ ឬការចរចាដែលអាចប្រែប្រួលតាមបរិបទនយោបាយក្នុងស្រុករបស់ប្រទេសណាមួយនោះ កម្ពុជាកំពុងជ្រើសរើសក្របខណ្ឌដែលមានច្បាប់ មាននីតិវិធីច្បាស់លាស់ និងមានភាគីទី៣ចូលរួម។ នេះហើយជាចំណុចខុសគ្នាដ៏សំខាន់ រវាងការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ។ ពីព្រោះមួយ អាស្រ័យលើឆន្ទៈនយោបាយដែលអាចប្រែប្រួលបាន ខណៈមួយទៀតអាស្រ័យលើក្របខណ្ឌច្បាប់ និងនីតិវិធីអន្តរជាតិ ដែលមានស្ថិរភាព និងមានភាពច្បាស់លាស់ជាង។

* កម្ពុជាកំពុងជ្រើសនិតិរដ្ឋ ជំនួសនយោបាយអំណាច

សម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា ច្បាប់អន្តរជាតិមិនមែនជាជម្រើសបន្ទាប់បន្សំទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់បំផុត សម្រាប់ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ នៅក្នុងពិភពលោកដែលការប្រកួតអំណាច និងភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង ប្រទេសតូចៗ មិនអាចប្រកួតកម្លាំងជាមួយប្រទេសធំៗ ឬប្រទេសដែលមានឥទ្ធិពលខ្លាំងជាងបានទេ។ ដូច្នេះការពឹងផ្អែកលើច្បាប់អន្តរជាតិ និងយន្តការពហុភាគីក្លាយជាខែលការពារដ៏សំខាន់បំផុត។ នេះហើយជាអត្ថន័យស៊ីជម្រៅនៃការសម្រេចចិត្តរបស់កម្ពុជា ក្នុងការជ្រើសយកយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS។ វាមិនមែនជាការគេចចេញពីការចរចាទេ ប៉ុន្តែជាការផ្លាស់ប្តូរពីការចរចាដែលងាយរងសម្ពាធទៅកាន់យន្តការដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានភាគីទី៣ចូលរួមរកយុត្តិធម៌។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានយ៉ាងច្បាស់រួចមកហើយថា កុំចោទប្រកាន់កម្ពុជា ថាកំពុងអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី ព្រោះកម្ពុជាគ្រាន់តែកំពុងដើរតាមផ្លូវច្បាប់អន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីត្រូវបានបំបែកដោយភាគីម្ខាងទៀត។

ប្រសាសន៍ថ្ងៃទី១២ ឧសភា៖ ការកំណត់ខ្សែយុទ្ធសាស្ត្រថ្មីរបស់កម្ពុជា
បើពិនិត្យឱ្យស៊ីជម្រៅ ប្រសាសន៍របស់សម្តេចតេជោ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការបញ្ចេញទស្សនៈទេ ប៉ុន្តែជាការកំណត់ខ្សែយុទ្ធសាស្ត្រថ្មី សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។
យុទ្ធសាស្ត្រនោះគឺ៖
- កុំវិលត្រឡប់ទៅកាន់យន្តការទ្វេភាគីថ្មី
- កុំបង្កើត MoU ថ្មី ជំនួស MoU ចាស់
- កុំឱ្យជម្លោះនេះវិលត្រឡប់ទៅកាន់ស្ថានភាពដែលអាចរងសម្ពាធនយោបាយដដែលៗ
- និងត្រូវដើរត្រង់ទៅកាន់លអនុសញ្ញា UNCLOS 1982 ដែលមានភាគីទី៣ និងក្របខណ្ឌច្បាប់យ៉ាងច្បាស់លាស់។
នេះជាការបង្ហាញថា កម្ពុជាកំពុងតាំងចិត្តបិទទ្វារយន្តការទ្វេភាគី ហើយបើកទ្វារយន្តការអន្តរជាតិ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវមកជំនួសវិញ។

សេចក្តីសន្និដ្ឋាន៖ កម្ពុជាមិនគួរវិលត្រឡប់ទៅកាន់ភាពមិនប្រាកដប្រជាដដែល

ក្រោយភាគីថៃបានលុប MoU 2001 ដោយឯកតោភាគី កម្ពុជាកំពុងឈរនៅចំណុចសំខាន់មួយនៃប្រវត្តិសាស្ត្រនយោបាយសមុទ្រ។ ជំនួសឱ្យការឆ្លើយតបដោយសម្ពាធ ឬការប្រកួតកម្លាំង កម្ពុជា បានជ្រើសរើសបញ្ជូនជម្លោះនេះទៅកាន់យន្តការច្បាប់អន្តរជាតិ។ នៅពេលដែលក្របខណ្ឌទ្វេភាគីត្រូវបានបំផ្លាញដោយភាគីម្ខាង ការវិលត្រឡប់ទៅកាន់ទ្វេភាគីថ្មីម្តងទៀត មិនមែនជាការស្វែងរកសន្តិភាពទេ ប៉ុន្តែអាចជាការវិលត្រឡប់ទៅកាន់ភាពមិនប្រាកដប្រជាដដែលៗ។

សម្រាប់កម្ពុជា ការដើរទៅកាន់ UNCLOS 1982 មិនមែនជាការគេចចេញពីការចរចាទេ ប៉ុន្តែជាការបង្ហាញថា ប្រទេសតូចមួយក៏អាចប្រើច្បាប់អន្តរជាតិ ជាឧបករណ៍ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងសន្តិភាពរយៈពេលវែងរបស់ខ្លួនបានដែរ៕