សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា

12-05-2026 18:39

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៧៣ យាងចូល ៧៤ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំម្ចាស់ និងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះរាជជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ជាភិយ្យោភាពតរៀងទៅ។

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយក្រាបថ្វាយបង្គំសម្តែងនូវព្រះរាជកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រកម្ពុជាគ្រប់រូប ដែលជានិច្ចកាល ព្រះអង្គ ទ្រង់ជានិមិត្តរូបនៃសាមគ្គីធម៌ក្នុងសង្គមជាតិខ្មែរ និងមានព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ បំពេញនូវព្រះរាជពោធិសម្ភារយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះរាជកាយវិការប្រកបដោយព្រះរាជទសពិធរាជធម៌ និងព្រះរាជគុណធម៌ដ៏ថ្លៃថ្លា តាមមាគ៌ាដ៏ផូរផង់នៃព្រះពុទ្ធសាសនា ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត ភាពសម្បូរសប្បាយ រុងរឿងថ្កុំថ្កើង សម្រាប់ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។

ឆ្លៀតក្នុងឱកាសមហាសិរីមង្គលដ៏ថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី សូមព្រះមេត្តាជួយអភិបាល ប្រោសព្រំ គ្រងរក្សា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគាពាធ និងសូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖