បញ្ចប់ជម្លោះរ៉ាំរ៉ៃ ជាង២០ឆ្នាំ! លោក ខូយ រីដា ចុះសម្របសម្រួលបើកផ្លូវច្រកចេញចូលជូនពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ ដោយក្តីសណ្តោសប្រណី

12-05-2026 21:10

(ពោធិ៍សាត់)៖ ក្រោមស្មារតីបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ នាល្្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ដោយជោគជ័យ នូវទំនាស់ផ្លូវច្រកចេញចូលដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។

គួរបញ្ជាក់ថា ការចុះដោះស្រាយនេះ ត្រូវបានធ្វើឡើងសូម្បីតែក្នុងម៉ោងសម្រាកពីការងាររដ្ឋបាល ដើម្បីធានាថាទុក្ខកង្វល់របស់ពលរដ្ឋត្រូវបានដោះស្រាយទាន់ពេលវេលា។ ទំនាស់ផ្លូវចេញចូលនេះ បានអូសបន្លាយពេលប្រមាណ២៦ឆ្នាំមកហើយ ដោយឆ្លងកាត់ជំនាន់អភិបាលស្រុក ដល់ទៅ៣ជំនាន់ ប៉ុន្តែទើបតែទទួលបានផ្លែផ្កានៅថ្ងៃនេះ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ និងសម្របសម្រួលជាមួយភាគីទាំងសងខាង លោក ខូយ រីដា បានមានប្រសាសន៍ថា ជម្លោះមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ ពេលវេលា និងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជា "ឃាតករលាក់មុខ" ដែលបំផ្លាញសេចក្តីសុខក្នុងគ្រួសារ និងសហគមន៍ទៀតផង។ សម្រាប់យន្តការ "ឈ្នះ-ឈ្នះ" និងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលផ្អែកលើការយោគយល់ និងការសណ្តោសប្រណី គឺជាជម្រើសដ៏ល្អបំផុត។

លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យឱ្យគ្នា ព្រោះមួយជីវិតនេះគ្មាននរណាយកអ្វីទៅតាមបាននោះទេ បងប្អូនត្រូវចេះសណ្តោសប្រណី ស្រលាញ់គ្នា ក្នុងនាមក្រុមគ្រួសារតែមួយ រស់ក្រោមដំបូលសុខសន្តិភាពតែមួយ និងក្នុងនាមជាអ្នកភូមិផងរបងតែមួយ។

តាមរយៈការសម្របសម្រួលដោយសន្តិវិធី ភាគីប្រជាពលរដ្ឋទាំងសងខាង បានស្ម័គ្រចិត្តយល់ព្រមបញ្ចប់ទំនាស់ ដោយកាត់ចំណែកដីដែលខ្លួនកាន់កាប់មួយផ្នែក ដើម្បីបើកផ្លូវចេញចូលឱ្យបានធំទូលាយ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។

ជាមួយគ្នានោះ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបញ្ចប់បញ្ហាជាស្ថាពរ លោកអភិបាលខេត្ត រួមជាមួយរដ្ឋបាលស្រុក ក៏បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន សម្រាប់ជួយសម្រួលការងារត្រួតត្រាយសាងសង់របងថ្មី និងផ្លូវ ជូនពលរដ្ឋឱ្យបានសមរម្យផងដែរ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ ឱ្យធ្វើការវាស់វែងកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ។ បន្ថែមពីនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលប្លង់ដីរួចរាល់ លោកនឹងចុះមកប្រគល់ប្លង់កម្មសិទ្ធិនេះដោយផ្ទាល់ដៃ ដើម្បីផ្តល់ភាពកក់ក្តៅ និងធានានូវសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ និងគ្មានការតវ៉ានៅថ្ងៃក្រោយ។

តំណាងប្រជាពលរដ្ឋដែលជាភាគីជម្លោះ បានសម្តែងនូវក្តីរំភើបរីករាយជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសម្របសម្រួលដោយផ្ទាល់ដល់មូលដ្ឋាន។ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា៖ «ពួកយើងពិតជាអរគុណដល់លោកអភិបាលខេត្តខ្លាំងណាស់ ដែលលោកមិនប្រកាន់ម៉ោងពេលការងារ ចុះមកជួយជម្រះមន្ទិល និងដោះស្រាយបញ្ហាដែលជាប់គាំងរាប់សិបឆ្នាំមកនេះ។ បើគ្មានការសណ្តោសប្រណី និងការសម្របសម្រួលប្រកបដោយមេត្តាធម៌របស់លោកទេ ពួកយើងប្រហែលជាត្រូវខាតបង់ទាំងពេលវេលា ថវិកាក្តីក្តាំ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តបន្តទៀតមិនខាន»៕