វិភាគអន្តរជាតិ៖ ហេតុអ្វីចិនសុខចិត្តរង់ចាំ?

12-05-2026 21:32

(វ៉ាស៊ីនតោន)៖ ការព្យាករពីការប្រើប្រាស់កម្លាំងយោធារបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ តែងតែត្រូវបានព្រមានជាញឹកញាប់ថាជារឿងមួយនឹងកើតឡើងដោយចៀសមិនរួច និងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកតាមដានស្ថានការណ៍តៃវ៉ាន់មើលឃើញថាសេចក្ដីថ្លែងការណ៍ដែលបង្ហាញពីការស្ទាក់ស្ទើរជាសាធារណៈរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារតៃវ៉ាន់ និងគោលជំហរហាក់ដូចជាប្រងើយកន្តើយនឹងជោគវាសនារបស់តៃវ៉ាន់ អាចនឹងលើកទឹកចិត្តឱ្យចិនចង់សម្រេចបាននូវការបង្រួបបង្រួមជាមួយតៃវ៉ាន់តាមរយៈការប្រើប្រាស់កម្លាំងយោធាក្នុងពេលឆាប់ៗ ឬអាចនៅមុន ដំណាច់ឆ្នាំ២០២៦នេះ។ សង្រ្គាមជាមួយអ៉ីរ៉ង់ដែលបានបង្ខំឱ្យសហរដ្ឋអាមេរិកដកអាវុធមួយចំនួនចេញពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា វាកាន់តែបង្កើនការព្រួយបារម្ភថាចិនអាចចាប់យកឱកាសដណ្ដើមគ្រប់គ្រងតៃវ៉ាន់ ដោយមិនបារម្ភខ្លាចការតបតពីសហរដ្ឋអាមេរិក។

ក៏ប៉ុន្តែសម្រាប់អ្នកជំនាញស្ដីពីចិន ដូចជាលោកស្រី AMANDA HSIAO មកពីស្ថាប័ន Eurasia Group និងលោកស្រី BONNIE S. GLASER មកពីស្ថាប័ន German Marshall Fund of the United States ការសង្ស័យទាំងអស់នេះគឺជាការយល់ច្រឡំពីយុទ្ធសាស្ត្ររបស់ចិន។ ចិនចង់បង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយធ្វើយ៉ាងណាកាត់បន្ថយការលះបង់ឱ្យនៅកម្រិតទាបបំផុតតាមដែលធ្វើទៅបាន ហើយ បច្ចុប្បន្នចិនជឿថាការបង្រួបបង្រួមនឹងកាន់តែមានភាពងាយស្រួល និងលះបង់តិចខណៈពេលវេលាចេះតែដើរទៅមុខ។ ជាការពិតណាស់ ចិនមិនបានច្រានចោលជម្រើសប្រើកម្លាំងយោធានោះទេ តែក្នុងពេលឥលូវ មេដឹកនាំចិនយល់ថាការអត់ធ្មត់ជាយុទ្ធសាស្ត្រជ័យជម្នះមួយ ដូចសុភាសិតចិននិយាយថា «ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំសំលៀងដាវ ១០ឆ្នាំ»។ ខណៈកំពុងអត់ធ្មត់ ចិនមិនមែននៅស្ងៀមមិនធ្វើអ្វីសោះទេ។ ចិនបាន និងកំពុងអភិវឌ្ឍសមត្ថភាពយោធា និងសេដ្ឋកិច្ចដើម្បីកំញើញទប់ស្កាត់ការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកដើម្បីការពារតៃវ៉ាន់។ ចិនជឿថាខ្លួនអាចបង្ខំឱ្យកោះតៃវ៉ាន់ចុះចាញ់ដោយមិនចាំបាច់ធ្វើ សង្រ្គាមទ្រង់ទ្រាយធំ ហើយក្នុងពេលដំណាលគ្នា ចិនក៏មានទំនុកចិត្តដែរថាខ្លួនអាចរារាំងតៃវ៉ាន់មិនឱ្យព្យាយាមប្រកាសឯករាជ្យជាផ្លូវការ។

* យុទ្ធសាស្ត្ររយៈពេលវែង
យុទ្ធសាស្ត្រចិនបានចាក់ឫសនៅក្នុងគោលជំនឿថាតុល្យភាពអំណាចនឹងផ្អៀងបន្តិចម្ដងៗចេញពីសហរដ្ឋអាមេរិកទៅរកចិន។ ជាក់ស្ដែង ជាច្រើនឆ្នាំមកនេះ ចិនមានទំនុកចិត្តរឹតតែខ្លាំងឡើងថាខ្លួនកំពុងរះ រីឯសហរដ្ឋអាមេរិកកំពុងលិច។ ប៉េកាំងជឿថាគំរូអភិបាលកិច្ចរបស់ខ្លួនផ្ដល់លទ្ធផលល្អប្រសើរជាងប្រជាធិបតេយ្យលោកខាងលិចដែលខ្លួនមើលឃើញថាកំពុងរអាក់អួល។ មិនតែប៉ុណ្ណោះចិនក៏ជឿដែរថាខ្លួនមាន សមត្ថភាពប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ហើយអាចអភិវឌ្ឍវិធីសាស្រ្តជាច្រើនដើម្បីផ្លាស់ប្ដូរការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើពាណិជ្ជកម្ម បច្ចេកវិទ្យា និងតៃវ៉ាន់។ ការកើនឡើងទំនុកចិត្តរបស់ចិនមានមួយផ្នែកកើតចេញពីវិធីសាស្ត្រដែលប៉េកាំងបានប្រើក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥។ ចិនបានដាក់ចេញវិធានការសងសឹកប្រឆាំងនឹង ការដំឡើងពន្ធគយរបស់លោក ត្រាំ តាមរយៈការដំឡើងពន្ធគយបដិការ និងរឹតត្បិតលើការនាំចេញរ៉ែកម្រ រហូតបង្ខំឱ្យលោក ត្រាំ ដកថយចេញពីការគំរាមដំឡើងពន្ធគយ។ នៅក្រោមការវាយតម្លៃរបស់ថ្នាក់ដឹកនាំចិន ការរីកធំធាត់នៃឥទ្ធិពលរបស់ចិននៅជុំវិញពិភពលោក អាចកំញើញឱ្យអាមេរិក និងតៃវ៉ាន់បាត់បង់ឆន្ទៈប្រយុទ្ធ ហើយអាចឱ្យប្រជាជនតៃវ៉ាន់មើលឃើញផលចំណេញពីការបង្រួបបង្រួមជាមួយចិន។ តែក្នុងពេលសព្វថ្ងៃ ថ្នាក់ដឹកនាំចិនក៏ប្រហែលជាមើលឃើញដែរថាសង្រ្គាមជាមួយសហរដ្ឋអាមេរិកដើម្បីតៃវ៉ាន់ អាចប្រថុយនឹងការខាតបង់ធ្ងន់ធ្ងរ ដ្បិតសហរដ្ឋអាមេរិកនៅតែនាំមុខចិនខាងសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។ ក្នុងន័យនេះ ដរាបណា ប៉េកាំងមានទំនុកចិត្តថាខ្លួនអាចយកឈ្នះក្នុងរយៈពេលវែង នោះចិនមិនចាំបាច់ត្រូវប្រថុយនឹងការធ្វើសកម្មភាពភ្លាមៗដែលមានហានិភ័យខ្ពស់នោះទេ។

* ឈ្នះដោយមិនបាច់ច្បាំង
ការគិតគូររបស់ចិនថាតើខ្លួនអាចរង់ចាំបាន ឬក៏អត់? គឺវាក៏អាស្រ័យលើសហរដ្ឋអាមេរិក និងតៃវ៉ាន់ដែរ។ យុទ្ធសាស្ត្រអត់ធ្មត់អាចដំណើរការទៅកើត លុះត្រាតែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ មិនបានបោះជំហានធំ ណាមួយឆ្ពោះទៅរកការប្រកាសឯករាជ្យរបស់តៃវ៉ាន់ជាផ្លូវការ ខណៈចិនកំពុងពង្រឹងអំណាច។ នៅត្រង់ចំណុចនេះដែរ ចិនជឿថាយុទ្ធនាការដាក់សម្ពាធរបស់ខ្លួនទាំងផ្លូវច្បាប់ សេដ្ឋកិច្ច យោធា និងការទូតកំពុង ដំណើរការទៅមុខយ៉ាងមានប្រសិទ្ធភាព។ ចិនក៏សម្លឹងឃើញសញ្ញាដែរថាកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបញ្ជូនសារទៅឱ្យប្រជាជនតៃវ៉ាន់ និងការទាញកោះតៃវ៉ាន់ឱ្យចេញឆ្ងាយពីសហរដ្ឋអាមេរិកកំពុងមានសន្ទុះទៅមុខ។ ចិនបន្តជឿជាក់យ៉ាងមុតមាំថាមេដឹកនាំតៃវ៉ាន់សព្វថ្ងៃ លោក Lai Ching-te ជាកម្លាំងចង់បំបែកតៃវ៉ាន់ចេញពីចិន។ ប៉ុន្តែព្រមពេលជាមួយគ្នា ចិនមើលឃើញលោក Lai ជាមេដឹកនាំទន់ខ្សោយមួយរូបរបស់តៃវ៉ាន់។ កាលពីឆ្នាំ២០២៥ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោក Lai បានគាំទ្រដល់កិច្ចប្រឹងប្រែងមួយដើម្បីបណ្ដេញសមាជិកសភាមួយចំនួនមកពីគណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងធំជាងគេបំផុតនៅតៃវ៉ាន់ ចេញពីសភា។ តែការប៉ុនប៉ងនេះបានបរាជ័យ ដោយមិនអាចបណ្ដេញសមាជិកសភាបក្សប្រឆាំងសូម្បីតែម្នាក់។ នេះជារឿងដ៏អាម៉ាសមួយសម្រាប់លោក Lai និង DPP។

គណបក្ស KMT ដែលរួមដៃគ្នាជាមួយគណបក្សអំណាចប្រជាជនតៃវ៉ាន់ TPP កំពុងគ្រប់គ្រងសំឡេងភាគច្រើនក្នុងរដ្ឋសភាតៃវ៉ាន់ ហើយដែលការរួមកម្លាំងគ្នានេះបានបង្កការរាំងស្ទះយ៉ាងខ្លាំងដល់របៀបវារៈនយោបាយរបស់លោក Lai។ ពួកគេបានរាំងខ្ទប់ការអនុម័តកញ្ចប់ថវិកាយោធាពិសេស ៤០ពាន់លានដុល្លារ និងចង់អនុម័តកញ្ចប់ថវិកាយោធាតិចជាងនេះសម្រាប់ការទិញអាវុធពីសហរដ្ឋអាមេរិក។ កិច្ចសហប្រតិបត្តិការរវាងគណបក្ស KMT និង TPP បានរក្សាក្ដីសង្ឃឹមរបស់ចិនថាគណបក្សប្រឆាំងទាំង២នេះអាចនឹងរួមដៃគ្នាយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់នៅឆ្នាំ២០២៨ និងឈានទៅរកការជ្រើសរើសមេដឹកនាំតៃវ៉ាន់ម្នាក់ដែលមានទំនោរមិត្តភាពជាមួយចិន។ KMT ជាគណបក្សប្រឆាំងមួយនៅតៃវ៉ាន់មានគោលជំហរមិត្តភាពជាមួយចិន។ មេដឹកនាំនៃគណបក្សនេះគឺលោកស្រី Cheng Li-wun ទើបតែបានធ្វើដំណើរទស្សនកិច្ចទៅចិនកាលពីខែមេសាកន្លងទៅ។

* ទោះយូរបន្តិច តែច្បាស់លាស់
បើទោះជាមិនអាចដោះស្រាយសំណុំរឿងតៃវ៉ាន់ក្នុងពេលដ៏ខ្លី ចិននឹងបន្តអភិវឌ្ឍវិធីសាស្ត្រ និងមធ្យោបាយថ្មីៗដើម្បីជំរុញការបង្រួបបង្រួម និងកំញើញទប់ស្កាត់ការប្រកាសឯករាជ្យរបស់តៃវ៉ាន់។ ប៉េកាំងបាន និងកំពុង លើកកម្ពស់នូវអ្វីដែលខ្លួនហៅថា «ការធ្វើសមាហរណកម្មការអភិវឌ្ឍ» ជាគោលនយោបាយមួយដែលចិនចង់ទាក់ទាញបណ្ដាក្រុមហ៊ុន និងបុគ្គលិកជំនាញពីតៃវ៉ាន់ ក្នុងក្ដីសង្ឃឹមធ្វើឱ្យតៃវ៉ាន់ពឹងផ្អែកសេដ្ឋកិច្ច និងសង្គម យ៉ាងស៊ីជម្រៅលើចិន។ ក្នុងរយៈពេលវែង យុទ្ធសាស្ត្រនេះមានគោលដៅធ្វើយ៉ាងណាឱ្យតៃវ៉ាន់ងាយរងសម្ពាធពីចិន ខណៈបន្តគាំទ្រចលនានយោបាយនៅតៃវ៉ាន់ដែលចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន។ ចិនក៏នឹង បន្តពង្រឹងផងដែរការបង្កើនការដាក់សម្ពាធលើតៃវ៉ាន់តាមរយៈការពង្រីកមធ្យោបាយទាំងខាងផ្លូវច្បាប់ នយោបាយ សេដ្ឋកិច្ច និងយោធា ដើម្បីរឹតត្បិតសកម្មភាព និងបន្សាបស្វ័យភាពរបស់តៃវ៉ាន់ រហូតឈានទៅរក ការបង្កើតលក្ខខណ្ឌសម្រាប់ការបង្រួបបង្រួមផ្អែកលើលក្ខខណ្ឌរបស់ប៉េកាំង។ បន្ថែមពីលើនេះ ចិននឹងប្រឹងប្រែងកាន់តែសកម្មដើម្បីផ្លាស់ប្ដូរគោលនយោបាយពាក់ព័ន្ធនឹងតៃវ៉ាន់របស់សហរដ្ឋអាមេរិក។ មានការសន្និដ្ឋានជាច្រើនថាលោក ស៊ី ជីនពីង អាចនឹងស្នើឱ្យលោក ត្រាំ គូសបញ្ជាក់ពីការគាំទ្របស់ទីក្រុងវ៉ាស៊ីនតោនចំពោះការបង្រួបបង្រួមដោយសន្តិវិធី ឬគូសបញ្ជាក់ថាសហរដ្ឋអាមេរិកប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ ដែល កន្លងមកសហរដ្ឋអាមេរិកប្រើត្រឹមតែពាក្យ «មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់» តែប៉ុណ្ណោះ។

* ចំណុចរបត់
យុទ្ធសាស្ត្រអត់ធ្មត់របស់ចិនអាចប្រឈមនឹងការធ្វើតេស្ដយ៉ាងធំមួយក្នុងឆ្នាំ២០២៨ ជាពេលដែលព្រឹត្តិការណ៍ធំ២ កើតឡើងដំណាលគ្នា។ តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅខែមករា ឆ្នាំ២០២៨។ ប្រសិនបើលោក Lai ជាប់ឆ្នោតសាជាថ្មី ហើយគណបក្សរបស់លោកទទួលបានអាសនៈភាគច្រើនក្នុងរដ្ឋសភា នោះលោកនឹងមានសេរីភាពខ្លាំងជាងមុនក្នុងការពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ រឹតត្បិត លើទំនាក់ទំនងជាមួយចិន និងអះអាងយ៉ាងពេញទំហឹងពីអធិបតេយ្យរបស់តៃវ៉ាន់។ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៨ សហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលក្នុងនោះ ប្រជាជនអាមេរិកអាចនឹងជ្រើសរើសបានប្រធានាធិបតីម្នាក់ដែលអនុម័តវិធីសាស្ត្រប្រកួតប្រជែងជាក់ស្ដែងក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ផ្ដោតជាអាទិភាពឡើងវិញលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងគាំទ្រតៃវ៉ាន់កាន់តែ បើកចំហជាងមុន។ ដោយឡែក នៅចិនវិញ លោកប្រធានាធិបតី ស៊ី ជីនពីងត្រូវបានរំពឹងខ្ពស់ថានឹងធានាបានអាណត្តិដឹកនាំប្រទេស៥ឆ្នាំបន្តទៀតនៅឯមហាសន្និបាតគណបក្សកុម្មុយនិស្ដចិននៅចុងឆ្នាំ២០២៧ ហើយ លោកនឹងតែងតាំងសមាជិកថ្មីក្នុងជួរគណៈកម្មការយោធាមជ្ឈិម។

ចិនដឹងយ៉ាងច្បាស់ថាដរាបណាសហរដ្ឋអាមេរិកនៅតែជាកំពូលមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា នោះសង្រ្គាមដើម្បីតៃវ៉ាន់អាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរ ហើយអាចទាំងបំផ្លាញដល់គោលដៅ ដ៏មានមហិច្ឆតារបស់លោក ស៊ី ជីនពីង ដែលចង់ស្ដារឡើងវិញនូវឋានៈជាកំពូលមហាអំណាច និងឥទ្ធិពលជាសកលរបស់ចិនឱ្យបានមុនខួបលើកទី១០០ នៃការបង្កើតសាធារណដ្ឋប្រជាមានិតចិនក្នុងឆ្នាំ២០៤៩។ តែទោះជាបែបនេះក្ដី មានកត្តាដែលអាចបង្ខំឱ្យចិនត្រូវតែប្រើកម្លាំងយោធា នោះគឺប្រសិនបើចិនមើលឃើញយ៉ាងច្បាស់ថាវ៉ាស៊ីនតោន ឬតៃប៉ិធ្វើសកម្មភាពបំពានច្បាស់ៗលើ «បន្ទាត់ក្រហមជាមូលដ្ឋានរបស់ខ្លួន» ជុំវិញ ឯករាជ្យភាពរបស់តៃវ៉ាន់។ ប្រសិនបើតៃវ៉ាន់ជ្រើសរើសលោក Lai ឱ្យបន្តកាន់អំណាច ហើយប៉េកាំងធ្វើការសន្និដ្ឋានចុងក្រោយថាលោក Lai កំពុងឆ្ពោះទៅរកការប្រកាសឯករាជ្យ ជាពិសេសដោយមានការគាំទ្រពីសហរដ្ឋអាមេរិកសំដៅទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ឬរហូតឈានដល់ការចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ច្បាស់ណាស់លោក ស៊ី ជីនពីងអាចនឹងធ្វើការវិនិច្ឆ័យថាការកំញើញរបស់ចិន បានបរាជ័យ ការបង្រួបបង្រួមដោយសន្តិវិធីមិនអាចទៅរួច ហើយការពន្យារពេលធ្វើសកម្មភាពអាចនឹងបណ្ដោយឱ្យតៃវ៉ាន់កាត់ផ្ដាច់ពីចិនជាអចិន្ត្រៃយ៍។ ដូច្នេះវានឹងធ្វើឱ្យចិនសល់តែជម្រើសចុងក្រោយគឺយោធា៕