ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយធ្វើសកម្មភាពកាប់ឈើនៅព្រៃឡង់

12-05-2026 22:20

(ព្រះវិហារ)៖ មនុស្សពីរនាក់ និងឈើពីរគោយន្ត ត្រូវបានស្ទាក់ចាប់ពេលកំពុងបើកចេញពីព្រៃឡង់។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៧នាក់ ចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ ទៅដល់ចំណុចព្រៃល្បើក ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ជាទីតាំងរាយការណ៍ពីបទល្មើសព្រៃឈើ។

ក្រុមល្បាតបានប្រទះឃើញជនសង្ស័យ២នាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន ២គ្រឿង ជាប្រភេទឈើអារលេខមួយ ឈើសុក្រំ រួមជាមួយវត្ថុតាងរណាយន្ត ០១គ្រឿង និងអាវុធកែច្នៃ ប្រើហ្គាស ០១ដើម។

ក្រុមល្បាត បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកទៅរក្សាទុកនៅស្នាក់រងពើក និងកសាងសំណុំរឿងបញ្ជូនជនទៅតុលាការ៕