គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ និងខេត្តនិញប៊ិញ ប្រទេសវៀតណាម
13-05-2026 08:04
(ភ្នំពេញ)៖ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដែលដឹកនាំដោយលោក ពុយ គា ជាប្រធាន បានបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ និងខេត្តនិញប៊ិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១១ដល់១៤ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញពីសំណាក់ លោក ឡេ គួកមិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម ( VJA )។
នៅក្នុងដំណើរទស្សនកិច្ចនេះលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានសាកសួរសំណួរមួយចំនួនទៅកាន់លោក ដុង ម៉ាញ់ហ៊ុង នាយកការីនិពន្ធនៃវិទ្យុសំឡេងវៀតណាម (VOV) នៅទីស្នាក់ការ VOV នាទីក្រុងហាណូយ អំពីស្ថានភាពសារព័ត៌មាន និងការប្រើប្រាស់ AI ក្នុងវិស័យសារព័ត៌មាននៅប្រទេសវៀតណាមផងដែរ។
ឆ្លើយតបទៅនឹងសំណួររបស់ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ដុង ម៉ាញ់ហ៊ុង នាយកការីនិពន្ធនៃវិទ្យុសំឡេងវៀតណាម (VOV) បានថ្លែងថា៖ «វិទ្យុរបស់លោកបានប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការផ្សព្វផ្សាយព័ត៌មាន តែមានការប្រយ័ត្នប្រយែង ពោលគឺ អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត»។
លោក ហ៊ុង បានបន្តថា VOV ទើបបានសម្រេចចេញសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI ក្នុងការផ្សព្វផ្សាយព័ត៌មានដោយត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យបាននូវសេចក្តីទុកចិត្តរបស់សាធារណជនមកលើវិទ្យុនេះព្រមទាំងធានានូវផលប្រយោជន៍ជាតិវៀតណាម ក្នុងបច្ចុប្បន្នកាលនិងសម្រាប់ទៅអនាគត។
នាយកការីនិពន្ធនៃវិទ្យុសំឡេងវៀតណាម (VOV) បានបន្ថែមទៀតថា៖ «VOV ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានស្ថិតក្រោមការគ្របគ្រងនឹងដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមមុនដំបូងគេដែលបានធ្វើសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI នេះ»។
សូមជម្រាបថា វិទ្យុសំឡេងវៀតណាមមានបុគ្គលិកជិតពីរពាន់នាក់ ផ្សាយចេញជា១៣ភាសាបរទេស ដែលរួមមានទាំងភាសារខ្មែរផង។ វិទ្យុនេះត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ហើយបានផ្តាំផ្ញើទុកឱ្យមេដឹកនាំ និងអ្នកធ្វើការនៅវិទ្យុនេះថា «យើងត្រូវរក្សាឱ្យខានតែបាននូវសំឡេងរបស់បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅគ្រប់កាលៈទេសៈ»៕















