សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧៣យាងចូល ៧៤ព្រះវស្សា

13-05-2026 08:44

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យ ព្រះរាជទានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧៣យាងចូល ៧៤ព្រះវស្សា។

ព្រះរាជសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃ ម៉ាម៉ង់

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សានៃ ព្រះរាជបុត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ម៉ាម៉ង់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជាមួយប្រជាជាតិ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប្រជារាស្ត្រកម្ពុជា និង ម៉ាម៉ង់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យព្រះបារមីអតីតមហាក្សត្រ ព្រះមហាក្សត្រី យានីគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីព្រះតេជានុភាពព្រះវិញ្ញាណក្ខ័ន្ធ ប៉ាប៉ា ព្រះករុណ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ សូមព្រះរាជមេត្តាតាមជួយអភិបាលការពារ និងប្រោះព្រំទឹកអម្រឹតថ្វាយព្រះរាជបុត្រ នូវសាធុការពរបវរសួស្តី សិរីជ័យមង្គល វិបុលសុខមហាប្រសើរ ប្រកបដោយព្រះរាជសុខភាពមាំមួនខ្លាំងក្លា បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ជ្រកកោននៃប្រជារាស្ត្របានសុខ ក្សេមក្សាន្តយូរអង្វែងតរៀងទៅ។

ម៉ាម៉ង់ សូមសំដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តម ប្រកបដោយសេចក្តីអំណត់បរិសុទ្ធ សេចក្តីសន្តោស និងបានព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាអនេក សម្រាប់កសាងសមិទ្ធផលនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងទ្រទ្រង់ដល់មន្ទីពេទ្យ អង្គការ សមាគម ប្រជារាស្រ្តភៀសសឹក និងវីរកងទ័ពជួរមុខ។

សូម ព្រះរាជបុត្រ ទទួលនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតរបស់ ម៉ាម៉ង់៕