ពលរដ្ឋរស់នៅសំណង់អគារចំណាស់លេខ១០១+៩៩ ថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី ដែលបានផ្ដល់លំនៅដ្ឋានថ្មី មានផាសុកភាពជាងមុន (Video inside)
13-05-2026 10:26
(ភ្នំពេញ)៖ ពលរដ្ឋដែលធ្លាប់រស់នៅសំណង់អគារចំណាស់លេខ១០១+៩៩ បានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ដល់លំនៅដ្ឋានថ្មី មានផាសុកភាពជាងមុន។
សំណង់អគារលេខ១០១+៩៩ មានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ ភូមិ៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ជាអគារចំណាស់ដែលមានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់បំផុតទី៣ ក្នុងចំណោមអគារទាំង ១៩ទីតាំង នៅរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់របស់ពលរដ្ឋរស់នៅទីនោះ បានឱ្យដឹងថាអគារនេះមានវ័យចំណាស់ខ្លាំង ដែលធ្វើឱ្យផ្នែកខ្លះមានការពុកផុយ បាក់បែង ហើយតាមជញ្ជាំងក៏មានជ្រាបទឹកផងដែរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានចុះទៅពិនិត្យពីគុណភាព និងស្ថានភាពអគារមួយនេះ និងបានវាយតម្លៃពីហានិភ័យខ្ពស់ប្រសិនបើពលរដ្ឋបន្តរស់នៅក្នុងអគារដែលងាយនឹងដួលរលំនេះបន្ត។
អគារលេខ១០១+៩៩ មានពលរដ្ឋ ៦គ្រួសារបាននិងកំពុងរស់នៅ តាំងពីឆ្នាំ១៩៧៩មក។ ក្នុងនោះមាន ២គ្រួសារសម្រេចចាក់ចេញពីទីនេះ ដោយជ្រើសរើសដំណោះស្រាយដែលក្រសួងបានសម្របសម្រួល ដោយផ្ដល់ផ្ទះថ្មីនៅបុរីមនោរម្យ ព្រែកតាទែន មានផាសុកភាពជាងមុនជូនពួកគាត់៕




