គណៈកម្មការអន្តរក្រសួងទទួលយកសំណង់ស្ពានបេតុងព្រៃក្តី នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោយបញ្ចប់ជាស្ថាពរសុពលភាពថែទាំ
13-05-2026 10:45
(ពោធិ៍សាត់)៖ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងការពារជាតិ បានចុះវាយតម្លៃទទួលយកនូវគុណភាព និងសោភ័ណ ភាពសំណង់ស្ពានបេតុង១កន្លែង ប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយមានបំពាក់អំពូល ប្រើថាមពលព្រះអាទិត្យចំនួន ១៨អំពូល និងសំណង់ផ្លូវក្រាលបេតុងសងខាងក្បាលស្ពានម្ខាងៗ ប្រវែង ២២៩ម៉ែត្រ ព្រមទាំងបានសាងសង់សាលាឆទានមួយ ស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោយបញ្ចប់ជាស្ថាពរសុពលភាពថែទាំ។
ការសំរេចទទួលយកនេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងដឹកនាំដោយ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីសំណាក់ លោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ចុះត្រួតពិនិត្យវាយតម្លៃរួចមក។
សំណង់ស្ពានបេតុងថ្មីនេះផ្ដល់ជូនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិក្រុមលេខ១៨១ ដឹកនាំដោយលោកឧត្តមសេនីយ៍ គង់ ច័ន្ទខេមរ៉ា នាយករងនាយកដ្ឋានវិស្វរកម្មក្រសួងការពារជាតិ។
ស្ពានបេតុងនេះបានបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ ដោយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយមកដល់បញ្ចប់ជាស្ថាពរសុពលភាពថែទាំនេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យវាយតម្លៃថានូវតែរក្សាបានចំពោះគុណភាព និងសោភ័ណភាព។
សំណង់ស្ពានបេតុងនេះសាងសង់ឡើងជំនួសស្ពានដែកបាឡេ ដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២៣។ ស្ពាននេះមានសារះសំខាន់បំផុតក្នុងការជួយសម្រួលដល់ការធ្វើដំណើរ បម្រើផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបរបរដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាប់រហ័ស និងបានឱ្យសិស្សានុសិស្សឆ្លងកាត់ទៅសាលារៀនបានងាយស្រួល ព្រមទាំងបានបម្រើដល់វិស័យទេចរណ៍ផងដែរ។
ក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃ នេះលោកបណ្ឌិត នួន ដាញ៉ិល ក៏បានសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានយកចិត្តទុកដាក់ជួយថែទាំ សមិទ្ទិផលស្ពានបេតុងដែលកើតចេញពីសន្តិភាពនេះ ជាពិសេសកុំដឹកលើសទម្ងន់ ។
លោកបានបញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងបន្តការងារស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលល្បាយគ្រួស ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនទៀតនៅតាមបណ្តាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត នួន ដាញ៉ិល បញ្ជាក់ថា ពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងបានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស។ កិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជនបទនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាពនៃយុទ្ធសស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាល អាណត្តិទី៧ និងតាមគន្លឹះអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕


















