ទិវាអឺរ៉ុបឆ្នាំ២០២៦! សហភាពអឺរ៉ុប នៅតែជាដៃគូដែលមានស្ថិរភាព និងអាចទុកចិត្តបានសម្រាប់កម្ពុជា នៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញ
13-05-2026 11:19
(ភ្នំពេញ)៖ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអបអរសាទរទិវាអឺរ៉ុប ដែលប្រារព្ធខួបលើកទី៧៦ នៃសេចក្តីប្រកាស Schuman ។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកការទូត និងដៃគូមកពីសង្គមស៉ីវិល និងវិស័យឯកជន។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនៅតែជាដៃគូ ដែលមានស្ថិរភាព និងអាចទុកចិត្តបានសម្រាប់ប្រទេសកម្ពុជា នៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញ។
លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់បន្ថែមដោយឆ្លុះបញ្ចាំង ពីចក្ខុវិស័យរបស់លោក Robert Schuman ថា «ពិភពលោកភាគច្រើនមានទំនាក់ទំនងយ៉ាងខ្លាំងចំពោះស្ថិរភាព និងភាពដែលអាចព្យាករបាន ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ដ៏រឹងមាំ។ នោះគឺជាអ្វីដែលសហភាពអឺរ៉ុបកំពុងការពារជាមួយដៃគូរបស់យើងនៅទីនេះ ក្នុងប្រទេសកម្ពុជា និងទូទាំងឥណ្ឌូប៉ាស៊ីហ្វិក»។
ការប្រារព្ធពិធីនេះ បានបង្ហាញពីលទ្ធិផលជាក់ស្តែងនៃភាពជាដៃគូអឺរ៉ុប-កម្ពុជា។ ចំណុចដ៏ទាក់ទាញ ក្នុងពិធីនេះនាពេលល្ងាច គឺការតាំងពិព័រណ៍រូបថត «តាមរយៈតថភាពខ្មែរ៖ ការទស្សនាអឺរ៉ុបនៅកម្ពុជា»។
រូបថតទាំងនេះ បានបង្ហាញពីចំណុចសំខាន់ៗ រួមមាន៖ ការលាយបញ្ចូលគ្នានៃប្រពៃណីធ្វើម្ហូបអឺរ៉ុប ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្មែរ, បេតិកភណ្ឌអាណានិគមបារាំង និងទេសភាពទីក្រុងកម្ពុជាដែលកំពុងវិវត្ត ព្រមទាំងដំណើរផ្ទាល់ខ្លួនរបស់យុវជនខ្មែរ ដែលទទួលបានអាហារូបករណ៍អឺរ៉ុប និងការសិក្សាភាសា។
លោក Driesmans បានលើកឡើងថា «ពិព័រណ៍នេះ គឺជាសក្ខីភាពនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំរបស់យើង។ មិនថាវាតាមរយៈគំនិតផ្តួចផ្តើមច្រកសកល ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មឌីជីថល ឬតាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពអឺរ៉ុបកំពុងបង្វែរបញ្ហាប្រឈមរួមគ្នាទៅជាដំណោះស្រាយរួមគ្នា ដែលតម្រូវតាមកម្ពុជា»។
កម្មវិធីដែលបានរៀបចំនាពេលល្ងាចនោះ ក៏ជាពេលមួយ ដើម្បីបញ្ជាក់ឡើងវិញនូវគុណតម្លៃរបស់សហភាពអឺរ៉ុប។ ទោះបីជាសហភាពអឺរ៉ុបកាន់តែមានភាពធន់ និងឯករាជ្យភាព ក្នុងវិស័យដូចជា ថាមពល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រក៏ដោយ ក៏ខ្លួននៅតែប្តេជ្ញាចិត្តការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងច្បាប់អន្តរជាតិរួម ជាមួយដៃគូរបស់ខ្លួន។
ក្នុងទិវាអឺរ៉ុប សហភាពអឺរ៉ុបប្រារព្ធមិនត្រឹមតែប្រវត្តិសាស្រ្តនៃសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីតួនាទីយ៉ាងសកម្មរបស់ខ្លួន ក្នុងការបង្កើតពិភពលោកដែលមានភាពយុត្តិធម៌ និងវិបុលភាពជាងមុន រួមជាមួយប្រទេសកម្ពុជា៕














