ឧកញ៉ា តែ តាំងប៉ ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២

13-05-2026 11:35

(ភ្នំពេញ)៖ ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារ «គ» ផ្នែកឯកជន​ និងជាប្រធាន FASMEC និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ"គ" ផ្នែកឯកជន, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកានៃក្រុមការងារ​ "គ" ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖
១. ការនាំចូលអំបិលពីបរទេសយកមកកែច្នៃវិចខ្ចប់ក្នុងស្រុក
២. នីតិវិធីក្នុងការផាកពិន័យ ចំពោះការគ្រប់គ្រងកាកសំណល់ និងអនាម័យសហគ្រាស SMEs
៣. បញ្ហាការស្នើសុំអាជ្ញាបណ្ណសម្រាប់សគ្រាសកែច្នៃផលិតផល ធុនតូច និងម្យម (SMEs) ពីក្រសួងពាក់ព័ន្ធត្រួតគ្នា
៤. បញ្ហានីតិវិធីក្នុងការស្នើសុំកម្ចីពីធនាគារ SMEs Bank
៥. បញ្ហាកង្វះខាតប្រភពទុនសម្រាប់កសិករក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី
៦.​ បញ្ហាការស្នើសុំ QIP សម្រាប់វិនិយោគិន ក្នុងទំហំវិនិយោគលើសពី ៥លានដុល្លា
៧. សំណើសុំបញ្ចុះពន្ធ VAT សម្រាប់គម្រោងវិនិយោគ QIP រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា៕⁩