អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥

13-05-2026 11:50

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចប្រគល់ ភារកិច្ចជូន៖

១- គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា

២- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សហការជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនី វៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពល អគ្គិសនីពីប្រទេសវៀតណាម៕