ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ (Video inside)
13-05-2026 14:57
(ភ្នំពេញ)៖ ក្នុងអាណត្តិរបស់ខ្លួន លោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងដោយការប្ដេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំ។
លោកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិង្ហបុរី-កម្ពុជា។ លោកឯកអគ្គរដ្ឋទូត ប្តេជ្ញា និងខិតខំជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗជាច្រើន ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតី អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ ស្បៀងអាហារ និងផលិតផលកសិកម្ម ដោយផ្តោតលើការនាំចេញទៅកាន់ទីផ្សារសិង្ហបុរី, កិច្ចសហប្រតិបត្តិការលើវិស័យឡូជីស្ទីក (Logistics) និងការតភ្ជាប់ (Connectivity) និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ បន្ថែមថា សិង្ហបុរីបានចាត់ទុកថា កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ជាកម្លាំងពលកម្មដែលមានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី។
ជាមួយគ្នានេះ, លោក Pang Chee Wee ក៏បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការកសាងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ជំនាញបច្ចេកទេសដល់មន្ត្រីរាជការនៅតាមបណ្ដាក្រសួងស្ថាប័នរបស់កម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ លោក Pang Chee Wee ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់លោក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ លេីវិស័យ ជាច្រើន នៃប្រទេស ទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ TVET , សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អនេះ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំ និងអនុវត្តកម្មវិធី «គន្លងអប់រំថ្មី» ដែលមានគោលដៅតម្រង់ទិសវិជ្ជាជីវៈ និងការសាងជំនាញបច្ចេកទេសដល់យុវជន និងសិស្សនៅវិទ្យាល័យ ទៅតាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ថែមពីនេះ, សម្តេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពល, សុខាភិបាល, ការអភិរក្សជីវៈចម្រុះ និងទេសចរណ៍បែបធម្មជាតិ ជាដើម។
សម្តេចធិបតីក៏បានលើកទឹកចិត្តដល់លោកឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បី ជំរុញកិច្ច សហប្រតិបត្តិការ ឱ្យសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាបន្ថែមទៀត ដែលជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕




