ឃុំ-សង្កាត់ ចំនួន៣០ នៃរាជធានីភ្នំពេញ ក្រុង ស្រុក ចំនួន២៧ នៅទូទាំងប្រទេស ទទួលជ័យលាភីការប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦

13-05-2026 15:05

(ភ្នំពេញ)៖ ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង ការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។

ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់។

នាឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦ ពិតជាមានសារៈសំខាន់ណាស់ ជាកត្តាជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ដោយខិតខំប្រឹងប្រែងរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ឱ្យមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ ដើម្បីទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង លើកទី៥នេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ព្រមជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធឬមូលដ្ឋាន ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អនិងគាំទ្រដល់យុទ្ធនាការក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាពេលកន្លងមកនេះ និងជាចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលក្នុង ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានអំពាវនាវដល់សាធារណជន អ្នកពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ជួយចូលរួមជំរុញចលនាសង្គម ផ្លាស់ប្តូរផ្នត់គំនិត ធ្វើសកម្មភាពរួមគ្នា ធ្វើការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងធ្វើអនាម័យបរិស្ថាន តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ និងតាមផ្លូវជាតិនានា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបំពុលបរិស្ថានក្នុងទឹក លើដី និងលើមេឃ ដើម្បីរៀបចំផ្ទះរបស់យើង មានភាពស្អាត តារហូតទៅ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្តិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ»។ ក្នុងឆ្នាំ២០២៦ ជាលើកទី៥ ដែលក្រសួអបានរៀបចំឡើង ក្រោមប្រធានបទ «ភូមិ ឃុំ-សង្កាត់ស្អាតគ្មានសំរាមប្លាស្ទិករាយប៉ាយ»។

ចលនាប្រឡងប្រណាំងនេះ ឆ្លើយតបទៅគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការអនុវត្តកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មមុខងារតួរនាទី ការទទួលខុសត្រូវ ធនធាននិងបច្ចេកទេសជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការងារក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ការគ្រប់គ្រងសំរាម និងសំណល់បា្លស្ទិក រួមចំណែកសំខាន់ដល់ការថែរទាំសុខភាពសាធារណ បង្កើនអនាម័យក្នុងការរស់នៅ និងសោភ័ណភាពបរិស្ថានទាំងមូលនៅតាមមូលដ្ឋាន៕