Fresh Exclusive: ថៃកំពុងយកបេតិកភណ្ឌខ្មែរ ទៅបង្កើតភាពស្របច្បាប់ក្លែងក្លាយ៖ តើនេះជាឥរិយាបថរបស់ប្រទេសស៊ីវិល័យមែនដែរឬទេ?
13-05-2026 15:23
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីតវ៉ាយ៉ាងតឹងរ៉ឹង ចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណខ្មែរមួយចំនួនទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាតាមបណ្តោយព្រំដែន ចូលក្នុងបញ្ជីបុរាណដ្ឋានជាតិរបស់ប្រទេសថៃ។ កម្ពុជា ចាត់ទុកសកម្មភាពឯកតោភាគីនេះថា ជាទង្វើខុសច្បាប់ គ្មានអានុភាពផ្លូវច្បាប់ និងជាការប៉ុនប៉ងបង្កើត «ភាពស្របច្បាប់ក្លែងក្លាយ» លើបេតិកភណ្ឌខ្មែរ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ជុំវិញបញ្ហានេះ...
ការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីបណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណមួយចំនួនតាមបណ្តោយព្រំដែន ជាបុរាណដ្ឋានរបស់ប្រទេសថៃ មិនអាចត្រូវបានចាត់ទុកថា ជាការងាររដ្ឋបាលធម្មតានៃវិស័យវប្បធម៌បានឡើយ។ នៅពេលទីតាំងដែលត្រូវបានចុះបញ្ជីនោះ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាតាំងពីសម័យបុរាណកាល ដែលប្រវត្តិសាស្ត្រនិងឯកសារផែនទីត្រូវបានរក្សាតម្កល់ទុក និងទទួលស្គាល់ដោយសហគមន៍អន្តរជាតិថែមទៀតនោះ សកម្មភាពរបស់ថៃបែបនោះមិនមែនជាការអភិរក្សបុរាណវត្ថុធម្មតាឡើយ។ វាជាការប៉ុនប៉ងបង្កើត «ភាពស្របច្បាប់ក្លែងក្លាយ» លើបេតិកភណ្ឌខ្មែរ ក្រោមស្លាកនៃការអភិរក្សវប្បធម៌។
ក្នុងសម័យដែលពិភពលោកកំពុងលើកតម្លៃការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរដ្ឋ ការយកស្ថាប័នវប្បធម៌ មកប្រើជាឧបករណ៍ដើម្បីចង់បង្កើតការអះអាងផ្លូវនយោបាយលើទឹកដីប្រទេសជិតខាង គឺជាទង្វើដែលមិនត្រឹមតែខ្វះស្មារតីអ្នកជិតខាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចេតនាបង្កើតរូបភាពថ្មីមួយ លើបញ្ហាដែលមិនទាន់ត្រូវបានដោះស្រាយតាមច្បាប់អន្តរជាតិផងទៀត។
* អធិបតេយ្យភាព មិនអាចកើតចេញពីការចុះបញ្ជីឯកតោភាគីរបស់ថៃឡើយ
ការព្យាយាមបង្កើតរូបភាពថ្មីមួយ លើទឹកដីកម្ពុជានេះ គឺជាមូលហេតុដែលកម្ពុជា មិនអាចស្ងៀមស្ងាត់បានឡើយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «សកម្មភាពឯកតោភាគីនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានប្រសិទ្ធភាពផ្នែកច្បាប់។ ការចុះឈ្មោះបែបនេះគឺគ្មានមូលដ្ឋានទាំងស្រុង ហើយមិនអាចប្រើជាភស្តុតាងសម្រាប់អធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់កំណត់ព្រំដែនតាមមធ្យោបាយណាមួយឡើយ»។
ការបញ្ជាក់នេះ មានអត្ថន័យជ្រាលជ្រៅណាស់។ បុរាណដ្ឋាន មិនអាចត្រូវបានប្រើជាឧបករណ៍កំណត់ព្រំដែនបានឡើយ។ ច្បាប់ជាតិរបស់ប្រទេសមួយ មិនអាចជំនួសសន្ធិសញ្ញាអន្តរជាតិ មិនអាចលុបចោលផែនទីព្រំដែន និងមិនអាចបង្កើតអធិបតេយ្យភាពលើទីតាំងដែលស្ថិតក្រោមការទាមទារ ឬការការពាររបស់ប្រទេសជិតខាងបានទេ។ ប្រសិនបើប្រទេសណាមួយ អាចចុះបញ្ជីទីតាំងវប្បធម៌នៅតាមព្រំដែនដោយឯកតោភាគី ហើយយកវាជាមូលដ្ឋានសម្រាប់អះអាងផ្លូវច្បាប់បាន, នោះសណ្តាប់ធ្នាប់ព្រំដែនអន្តរជាតិទាំងមូល នឹងត្រូវរងការរង្គោះរង្គើ។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបញ្ជាក់បន្ថែមថា៖ «បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវតែដោះស្រាយយ៉ាងតឹងរ៉ឹង ស្របតាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ និងឧបករណ៍ពាក់ព័ន្ធ ក៏ដូចជាតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) លក្ខខណ្ឌនៃឯកសារយោង ឆ្នាំ២០០៣ (TOR 2003) និងអាណត្តិរបស់គណៈកម្មការព្រំដែនរួម (JBC)»។
នេះគឺជាគន្លងច្បាប់ដែលមានស្ថិរភាព មានភាពសមហេតុផល និងត្រូវបានទទួលស្គាល់ដោយភាគីពាក់ព័ន្ធ ជំនួសឱ្យការបង្កើតសកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹង និងប៉ះពាល់ដល់ស្មារតីនៃការដោះស្រាយជម្លោះដោយសន្តិវិធី។ ការបញ្ជាក់របស់ភាគីកម្ពុជា មានសារៈសំខាន់ខ្លាំង ព្រោះវាបង្ហាញយ៉ាងច្បាស់ថា ការឆ្លើយតបរបស់កម្ពុជា មិនមែនផ្អែកលើអារម្មណ៍នយោបាយ ឬកំហឹងជាតិនិយមនោះទេ ប៉ុន្តែផ្អែកលើគោលការណ៍ច្បាប់ អធិបតេយ្យភាព និងសណ្តាប់ធ្នាប់អន្តរជាតិ។ នេះជាការឈរលើគោលការណ៍ថា អធិបតេយ្យភាពរដ្ឋ មិនអាចត្រូវបានបង្កើតឡើងតាមរយៈការចុះបញ្ជីឯកតោភាគី ឬការបង្កើត “ភាពស្របច្បាប់ក្លែងក្លាយ” ដោយភាគីណាមួយបានឡើយ។
* នៅពេលវប្បធម៌ ត្រូវបានបំលែងទៅជាអាវុធនយោបាយ
អ្វីដែលថៃបានធ្វើ គួរត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ និងតឹងរ៉ឹង មិនត្រឹមតែក្នុងបរិបទវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក្នុងបរិបទអធិបតេយ្យភាព និងច្បាប់អន្តរជាតិផងដែរ។ វាមិនមែនគ្រាន់តែជាការចុះបញ្ជីបេតិកភណ្ឌធម្មតានោះទេ ប៉ុន្តែជាសកម្មភាពដែលអាចបង្កើត «ភាពស្របច្បាប់ក្លែងក្លាយ» លើទីតាំងដែលមានអត្ថន័យផ្នែកអធិបតេយ្យភាព។ នេះហើយជាគ្រោះថ្នាក់នៃការយកវប្បធម៌ មកប្រើជាឧបករណ៍នយោបាយ និងជាមធ្យោបាយបង្កើតការអះអាងថ្មីលើទឹកដីប្រទេសជិតខាង។
ពាក្យថា «អភិរក្ស» មិនគួរត្រូវបានយកមកប្រើ ដើម្បីបិទបាំងសកម្មភាពដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ។ នៅក្នុងសង្គមស៊ីវិល័យ ការអភិរក្សបេតិកភណ្ឌ គួរតែមានគោលបំណងការពារតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ មិនមែនបំលែងបេតិកភណ្ឌទៅជាឧបករណ៍បង្កើត «រូបភាពផ្លូវច្បាប់» លើទីតាំងដែលមានជម្លោះនោះទេ។
ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងបណ្តាបុរាណដ្ឋានខ្មែរ តាមបណ្តោយព្រំដែន មិនមែនជាដុំសិលាស្ងាត់ៗគ្មានអត្តសញ្ញាណនោះឡើយ។ វាជាស្នាដៃអរិយធម៌ខ្មែរ ជាសាក្សីនៃប្រវត្តិសាស្ត្ររាប់សតវត្សរ៍ និងជាកេរដំណែលដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ បេតិកភណ្ឌទាំងនេះ មិនអាចត្រូវបានបំប្លែងទៅជាកម្មវត្ថុនយោបាយ ឬត្រូវបានយកទៅបញ្ចូលក្នុងប្រព័ន្ធច្បាប់ជាតិរបស់ប្រទេសផ្សេង ដោយគ្មានការយល់ព្រមពីកម្ពុជាបានឡើយ។ ហេតុនេះហើយ កម្ពុជាចាត់ទុកសកម្មភាពនេះថា មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមាថដល់សច្ចធម៌ប្រវត្តិសាស្ត្រ និងស្មារតីនៃការគោរពគ្នាទៅវិញទៅមករវាងប្រទេសជិតខាងផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្រសួងចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងខុសច្បាប់ ដើម្បីបង្កើតរូបរាងស្របច្បាប់សិប្បនិម្មិតលើទីតាំងវប្បធម៌ដែលស្ថិតនៅក្នុងទឹកដីអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពបែបនេះ បង្កើតបានជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៃការសន្ទនាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ»។ ការបញ្ជាក់នេះ មានអត្ថន័យសំខាន់ខ្លាំងណាស់។ វាបង្ហាញថា កម្ពុជាមិនបានមើលបញ្ហានេះជារឿងវប្បធម៌តូចតាចនោះទេ ប៉ុន្តែជាបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍គ្រឹះនៃការរស់នៅរួមគ្នារវាងរដ្ឋដែលគោរពច្បាប់អន្តរជាតិ។
*បេតិកភណ្ឌ មិនអាចបំលែងទៅជា «អធិបតេយ្យភាពក្រដាស» បានឡើយ
ប្រសិនបើថៃពិតជាមានគោលបំណងអភិរក្សបេតិកភណ្ឌមែន សកម្មភាពទាំងឡាយគួរតែធ្វើឡើងតាមរយៈការសហការ ការគោរពគ្នាទៅវិញទៅមក និងយន្តការដែលប្រទេសទាំងពីរបានព្រមព្រៀងរួចហើយ។ ការអភិរក្ស មិនគួរត្រូវបានបំលែងទៅជាការកាន់កាប់ឡើយ។ ការចុះបញ្ជីវប្បធម៌ ក៏មិនគួរត្រូវបានប្រើជាមធ្យោបាយបង្កើតការអះអាងអធិបតេយ្យភាពដែរ។ ច្បាប់វប្បធម៌ជាតិរបស់ប្រទេសមួយ មិនអាចត្រូវបានលាតសន្ធឹងទៅលើទីតាំងដែលប៉ះពាល់ដល់សិទ្ធិ និងអធិបតេយ្យភាពរបស់ប្រទេសជិតខាងបានឡើយ។
កម្ពុជា កំពុងការពារគោលការណ៍មូលដ្ឋានមួយដែលចែងថា អធិបតេយ្យភាពរដ្ឋ មិនអាចត្រូវបានបង្កើត ឬបំលែង តាមរយៈឯកសារចុះបញ្ជីរដ្ឋបាលរបស់ភាគីណាមួយបានឡើយ។ បេតិកភណ្ឌវប្បធម៌ ក៏មិនអាចត្រូវបានយកទៅប្រើជាឧបករណ៍បង្កើត «ការពិតថ្មី» លើទឹកដីដែលមានវិវាទផ្នែកអធិបតេយ្យភាពបានដែរ។ ក្នុងសម័យដែលពិភពលោកកំពុងផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពរដ្ឋ ប្រទេសណាមួយ ក៏មិនគួរបង្កើត «អធិបតេយ្យភាពក្រដាស» លើទីតាំងដែលមិនទាន់ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ឡើយ។ អធិបតេយ្យភាព មិនកើតចេញពីការចុះបញ្ជីតាមចិត្តឯងនោះទេ ប៉ុន្តែកើតចេញពីសន្ធិសញ្ញា ផែនទី ឯកសារច្បាប់អន្តរជាតិ ការអនុវត្តជាក់ស្តែង និងដំណោះស្រាយដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ។ ដូច្នេះការចុះបញ្ជីបុរាណដ្ឋានខ្មែរ ដោយភាគីថៃ គួរត្រូវបានដកវិញជាបន្ទាន់។
សេចក្តីសន្និដ្ឋាន៖ កម្ពុជា មិនអាចទទួលស្គាល់សកម្មភាពណាមួយ ដែលបំលែងបេតិកភណ្ឌខ្មែរ ទៅជាឧបករណ៍បង្កើតអធិបតេយ្យភាពក្លែងក្លាយរបស់ប្រទេសផ្សេងបានឡើយ។ ប្រាសាទខ្មែរ មិនមែនគ្រាន់តែជាសំណង់បុរាណនោះទេ ប៉ុន្តែជាកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណជាតិ ដែលដូនតាខ្មែរ បានបន្សល់ទុករាប់សតវត្សរ៍មកហើយ។ ការចុះបញ្ជីដោយឯកតោភាគី មិនអាចលុបចោលការពិតប្រវត្តិសាស្ត្រ មិនអាចបំភ្លេចភស្តុតាងច្បាប់ និងមិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពថ្មីលើទឹកដីកម្ពុជាបានឡើយ។ ក្នុងបញ្ហានេះ កម្ពុជាច្បាស់ណាស់ថានឹងបន្តឈរយ៉ាងរឹងមាំ ក្នុងការការពារទឹកដី រឹងមាំក្នុងការការពារបេតិកភណ្ឌ និងរឹងមាំក្នុងការបដិសេធ «អធិបតេយ្យភាពក្លែងក្លាយ» ដែលត្រូវបានបង្កើតឡើងតាមរយៈសកម្មភាពឯកតោភាគី។ ប៉ុន្តែភាពរឹងមាំរបស់កម្ពុជា មិនមែនជាភាពរឹងមាំផ្អែកលើការប្រឈមមុខដោយអារម្មណ៍នោះទេ។ វាជាភាពរឹងមាំដែលឈរលើច្បាប់អន្តរជាតិ សន្ធិសញ្ញា យន្តការទ្វេភាគី និងគោលការណ៍គោរពអធិបតេយ្យភាពរដ្ឋ។
ព្រោះនៅទីបំផុត អ្វីដែលការពារប្រាសាទខ្មែរ និងការពារទឹកដីកម្ពុជា បានយ៉ាងយូរអង្វែង មិនមែនត្រឹមតែកម្លាំងអារម្មណ៍ជាតិនិយមប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នារវាងការចងចាំប្រវត្តិសាស្ត្រ ភស្តុតាងផ្លូវច្បាប់ ស្មារតីជាតិ និងការប្តេជ្ញាការពារអធិបតេយ្យភាព ដោយមិនឃ្លាតចេញពីគន្លងច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិឡើយ៕












