ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំ ត្រូវដើរតួនាទី២ ជាអ្នកដឹកនាំផង និងជាអ្នកគ្រប់គ្រងផង មិនអាចយកមួយចោលមួយនោះទេ
13-05-2026 15:34
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានលើកឡើងថា ថ្នាក់ដឹកនាំទាំងអស់ ត្រូវដើរតួនាទី២ ជាអ្នកដឹកនាំផង និងជាអ្នកគ្រប់គ្រងផង មិនអាចយកមួយចោលមួយបាននោះទេ។
ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសមិទ្ធផលការងារមន្ទីរសុខាភិបាលខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមណ្ឌលសុខភាពទាំង៣០ មន្ទីរពេទ្យទាំង២ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិត្បែងមានជ័យ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសបើកអង្គប្រជុំលោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំ និងផ្តល់ធាតុចូលសំខាន់ៗជាច្រើន ដល់ថ្នាក់ដឹកនាំមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
លោកសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កែលម្អគុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ និងត្រូវប្រឹងប្រែងអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដោយមិនត្រូវខ្លាចកំហុស ប៉ុន្តែ ត្រូវចេះរៀនសូត្រ និងកែតម្រូវ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ។
ជាមួយគ្នានេះ លោកវេបណ្ឌិត គួង ឡូ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការចុះស្រាវជ្រាវរកករណីជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដោយត្រូវផ្តោតសំខាន់លើការផ្គត់ផ្គង់តេស្តសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាដល់ការស្រាវជ្រាវ និងពិនិត្យតាមដានអ្នកជំងឺឱ្យមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំដល់ក្រុមការងារមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវយកបញ្ហាប្រឈមនានាដែលបានលើកឡើងក្នុងកិច្ចប្រជុំ ទៅរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះលោកបានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការតាមដាន ពិនិត្យ និងចូលរួមជាមួយប្រធានផ្នែកនីមួយៗ ក្នុងការស្វែងរកឬសគល់នៃបញ្ហា និងរួមគ្នាដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕


















