សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកពលរដ្ឋ និងយុវជន ចូលរួមថែរក្សាសន្តិភាព តម្កល់ផលប្រយោជន៍ជាតិជាធំ, សន្តិភាពនៅកម្ពុជា មិនមែនទទួលបានដោយចៃដន្យទេ តែត្រូវយកជីវិតធ្វើជាដើមទុន (Video inside)
13-05-2026 16:03
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរម្លឹកដល់ប្រជាពលរដ្ឋ និងយុវជន សូមបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលទទួលបានពីសន្តិភាព ដែលរកបានដោយលំបាកឱ្យនៅគង់វង្សតជំនាន់។ សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា គឺមិនមែនទទួលបានដោយចៃដន្យនោះទេ ប៉ុន្តែ ឥស្សរជនជាច្រើន បានយកជីវិតទៅធ្វើជាដើមទុន។
ការរម្លឹកបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងឱកាសសម្តេចផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន មុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។
អតីតរដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិកម្ពុជា បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែគិតថា ការចូលរួមថែរក្សាសន្តិភាពនេះ គឺជាបញ្ហាសំខាន់ថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស ក៏ក្លាយទៅជាប្រតិបត្តិករថែរក្សាសន្តិភាពដែរ។ ពោលគឺតាមរបបៀបចូលរួមបំពេញការងារនីមួយៗ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ»។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ដោយឡែកក្រុមប្រឆាំងនៅក្រៅស្រុកតែងតែឃោសនារឿងអកុសល និងបានបង្កើតចលនាខុសច្បាប់នៅក្រៅប្រទេស ដើម្បីវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ត្រង់ចំណុចេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជន ត្រូវឆ្លើយតបភ្លាមៗទៅលើក្រុមប្រឆាំងដែលផ្សព្វផ្សាយនូវត៌មានមិនពិត ក្នុងចេតនាញុះញង់ប្រជាពលរដ្ឋ និងអូសទាញសង្គមកម្ពុជា ឱ្យធ្លាក់ចូលក្នុងភាពចលាចល ចំពោះការឆ្លើយតប និងវាយបករបស់ប្រជាពលរដ្ឋខ្មែរ ទៅក្រុមប្រឆាំងនឹងត្រូវចាត់ទុកជាប្រតិបត្តិករថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សុខសន្តិភាព និងការឯកភាពជាតិពេញលេញត្រូវបានរីកសុះសាយនៅពាសពេញផ្ទៃប្រទេសកម្ពុជា ពីអតីតកាលកម្ពុជា បានជួបប្រទះនូវបញ្ហាដ៏សែនលំបាក ក៏ប៉ុន្តែ ក្រោមការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានបង្រួបបង្រួមទឹកដីឡើងវិញ ព្រមទាំងបង្កលក្ខណៈដ៏ល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។ សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានផ្តល់ជាឱកាសដល់យុវជនជំនាន់ក្រោយ មានឱកាសសិក្សារៀនសូត្រ ចំណេះជំនាញផ្សេងៗ រហូតមានសមត្ថភាពគ្រប់គ្រាន់ចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា៖ ខ្ញុំសូមបញ្ជាក់ថា សុខសន្តិភាព ការឯកភាពជាតិពេញលេញនេះ គឺមិនមែនបានដោយចៃដន្យ ហើយក៏មិនយើងអង្គុយបនស្រន់ ហើយប្រទានមកនោះទេ ប៉ុន្តែ ឆ្លងកាត់ការលំបាកណាស់ […] ការអនុវត្តឱ្យមានសុខសន្តិភាពនេះ មិនមែនជារឿងធម្មតាទេ ពាក់ព័ន្ធជាមួយប្រទេសជិតខាង ពាក់ព័ន្ធជាមួយអ្នកប្រយុទ្ធតតាំងគ្នា ហើយចង់ឱ្យមករួមរស់ជាមួយគ្នា ដោយសុខុមរមនាដូចសព្វថ្ងៃនេះមិនមែនជារឿងងាយស្រួល វាមានការលំបាក ហើយកន្លែងខ្លះ គឺយកជីវិតធ្វើជាដើមទុន»។
បើនិយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។
ទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយឈ្នះឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។
ដែលហៅថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣ គឺទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជា មានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង៕















