កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការងារគ្រប់គ្រងដីធ្លីក្នុងខេត្តពោធិ៍សាត់
13-05-2026 16:07
(ពោធិ៍សាត់)៖ នារសៀល ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមេភូមិដែលពាក់ព័ន្ធ ដើម្បីពិភាក្សា និងរកដំណោះស្រាយលើរបៀបវារៈសំខាន់ៗ ចំនួន០៣រួមមាន៖
ទី១-ករណីវត្តមណីរតនារាម: ពិនិត្យលើសំណើរបស់ព្រះចៅអធិការវត្ត ក្នុងការសុំលុបផ្លូវគ្រោង ស្ថិតក្នុងបរិវេណវត្តមណីរតនារាម ភូមិថ្នល់បំបែកលាច សង្កាត់រលាប ក្រុងពោធិ៍សាត់។
ទី២-ករណីបុគ្គល គុជ ញិល: ពិនិត្យ និងវាយតម្លៃលើការស្នើសុំដោះដូរទីតាំងដី ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
ទី៣-ករណីក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី (SNETECH CO., LTD): ពិនិត្យលើការស្នើសុំចុះបញ្ជីដីធ្លី ដែលស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។
ប្រសាសន៍ដឹកនាំរបស់ លោកអភិបាលរងខេត្តក្នុងឱកាសនោះ លោក ហេង សុភាណា អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ និងណែនាំដល់អង្គប្រជុំនូវចំណុចគន្លឹះមួយចំនួនដូចខាងក្រោម រាល់ការសម្រេចចិត្តលើការចុះបញ្ជី ការលុបផ្លូវគ្រោង ឬការដោះដូរទីតាំងដីធ្លី ត្រូវតែឈរលើមូលដ្ឋានច្បាប់ជាធរមាន និងតម្កល់ផលប្រយោជន៍សាធារណៈជាធំ។ យើងត្រូវធ្វើការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស និងផលប៉ះពាល់ជាក់ស្តែងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានាបាននូវតម្លាភាព និងសមភាពក្នុងការគ្រប់គ្រងដីរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចាត់មន្ត្រីជំនាញធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ និងលម្អិតបំផុត។
ទន្ទឹមនឹងនោះ លោកបានអំពាវនាវដល់អាជ្ញាធរក្រុង ស្រុក ឃុំ និងភូមិ ត្រូវសហការគ្នាឱ្យស្អិតរមួតក្នុងការផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីនៅនឹងកន្លែង ដើម្បីជៀសវាងការកើតមានវិវាទនៅពេលក្រោយ។
ជាទីបញ្ចប់ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ ដែលបានផ្តល់មតិយោបល់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងការរីកចម្រើន៕


































