មន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ច្រានចោលការចោទប្រកាន់ការចាប់ «អ៊ិចស្កាវ៉ាទ័រ» ប្រជាពលរដ្ឋជីកស្រះរក្សាទុកជិត២ខែ ដោយគ្មានដំណោះស្រាយ
13-05-2026 16:24
(រតនគិរី)៖ មន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបចំពោះអ្វីដែលបានលើកឡើងពាក់ព័ន្ធករណី ការចាប់ «អ៊ិចស្កាវ៉ាទ័រ» ប្រជាពលរដ្ឋជីកស្រះទឹកក្នុងដីចំការចន្ទីរមួយគ្រឿង ត្រូវបានលោក យ៉ាន ចំរើន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចអាវុធហត្ថស្រុកលំផាត់ ចាប់រក្សាទុកជិត២ខែ ដោយគ្មានដំណោះស្រាយ ពលរដ្ឋរងហានិភ័យក្នុងរបរអាជីវកម្មចិញ្ចឹមជីវិត។
មន្ទីររ៉ែខេត្តរតនគិរី បានបញ្ជាក់ថា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុន LUMPHAT MINHNING(CAMBODIA) CO..,LTD ក្រុមការងារអធិការកិច្ចធនធានរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្ត ដោយមានកិច្ចសហការពីកម្លាំងអាវុធហត្ថស្រុកលំផាត់ និងមានកិច្ចសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចុះទៅដល់ទីតាំងជាក់ស្តែងឃើញថា មានសកម្មភាពជីករណ្តៅដី១កន្លែង ទំហំ១០ម៉ែត្រ គុណនឹង៨ម៉ែត្រ និងជម្រៅ៧ម៉ែត្រ និងឃើញសំណាករ៉ែ១កំណាត់បេនៅក្បែរណ្តៅផងដែរ។
តាមការសាកសួរប្រជាពលរដ្ឋដែលស៊ីឈ្នួលរើសសំណាករ៉ែនៅទីនោះ បានឲ្យដឹងថា បានចូលរួមរើសថ្មរ៉ែខាងលើបានចំនួន៧ (ប្រាំពីរ) កំណាត់បេ ដោយចូលរួមពីកម្មករ២នាក់ផ្សេងទៀត (មិនស្គាល់ឈ្មោះ) និងមានរថយន្តចូលមកដឹកជញ្ជូនសំណាកថ្ម ចេញពីទីតាំងនោះផង និងទទួលបានកម្រៃ ៥ម៉ឺនរៀលក្នុង ១ថ្ងៃ។
តាមការអង្កេតជាក់ស្តែង ក្រុមការងារមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី សន្និដ្ឋានបានថា ការជីកកាយរណ្តៅដីនៅតំបន់ខាងលើ ជាសកម្មភាពពាក់ព័ន្ធនឹងប្រតិបត្តិការសិក្សាស្វែងរុករកធនធានរ៉ែ ដោយគ្មានអាជ្ញាបណ្ណ ស្ថិតក្នុងដែនអាជ្ញាបណ្ណស្វែងរុករករបស់ក្រុមហ៊ុន LUMPHAT MINHNING (CAMBODIA)។ បច្ចុប្បន្នសំណុំរឿងខាងលើ មន្ទីរបានបញ្ជូនទៅស្ថាប័នតុលាការខេត្តរតនគិរីរួចរាល់ ដើម្បីអនុវត្តតាមច្បាប់បន្ត។
ក្នុងឆ្នាំកន្លងមកនេះ មន្ទីររ៉ែ និងថាមពល ធ្លាប់បានសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប និងទប់ស្កាត់រ៉ែអធិបតេយ្យនៅតំបន់នេះចំនួន៤លើករួចមកហើយ៕






