ក្រោយមានក្តីបារម្ភរបស់ប្រជាពលរដ្ឋ, អភិបាលស្រុកអង្គរបូរី បញ្ជាក់ច្បាស់ថា ពលរដ្ឋនៅតែអនុញ្ញាតឱ្យនេសាទដាក់សម្រះធម្មតា ប៉ុន្តែនៅតំបន់អភិរក្ស ត្រូវការពារជាដាច់ខាត !

13-05-2026 16:58

(តាកែវ)៖ ក្រោយពីមានក្តីកង្វល់ពីសំណាក់ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទនៅស្រុកអង្គរបូរី ខេត្តតាកែវ ពាក់ព័ន្ធនឹងវិធានការរឹតបន្តឹងលើការនេសាទរួចមកនោះ នៅថ្ងៃទី១៣ ខែឧសភា​ឆ្នាំ២០២៦នេះ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ចេញមុខបញ្ជាក់ឱ្យកាន់តែច្បាស់ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ និងការចុះបង្ក្រាបបទល្មើសនាពេលថ្មីៗនេះ មិនមែនធ្វើឡើងក្នុងលក្ខណៈទូទៅ ដែលប៉ះពាល់ដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋនោះទេ។

លោកថា គោលដៅចម្បងនៃវិធានការរុះរើ និងបង្ក្រាបធ្វើឡើងតែនៅក្នុង «តំបន់អន្លង់អភិរក្ស» ប៉ុណ្ណោះ។ តំបន់ទាំងនេះ គឺជាកន្លែងដែលច្បាប់ហាមឃាត់ដាច់ខាត ដើម្បីទុកជាជម្រកត្រីពងកូន និងថែរក្សាពូជត្រីឱ្យនៅគង់វង្សសម្រាប់អនាគត។ ចំពោះឧបករណ៍នេសាទ ជាពិសេស «សម្រះ» របស់បងប្អូនប្រជាពលរដ្ឋដែលដាក់នៅតាមសណ្តរស្ទឹង ឬទីតាំងដែលមិនមែនជាតំបន់អភិរក្ស គឺអាជ្ញាធរមិនមានគោលការណ៍រុះរើ ឬហាមឃាត់ឡើយ។ បងប្អូនអាចបន្តប្រកបរបរចិញ្ចឹមជីវិតជាធម្មតា។

លោក កង អាណាន់ បានបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការយោគយល់គ្នា។

បន្ថែមលើសពីនេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកបានដឹកនាំក្រុមការងារចុះទៅជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជានេសាទដោយផ្ទាល់ផងដែរ។

ការចុះជួបផ្ទាល់នេះ មានគោលបំណងជួយពន្យល់ពីភូមិសាស្ត្រដោយបង្ហាញឱ្យពលរដ្ឋបានដឹងច្បាស់ថា កន្លែងណាជាតំបន់អភិរក្ស ហាមឃាត់ និងកន្លែងណាជាតំបន់ដែលអាចនេសាទ បានតាមលក្ខណៈគ្រួសារ។

មិនតែប៉ុណ្ណោះ លោកបើកឱកាសឱ្យពលរដ្ឋបានលើកឡើងនូវការលំបាក ដើម្បីឱ្យអាជ្ញាធរស្វែងរកដំណោះស្រាយសមស្រប ដោយមិនឱ្យខូចប្រយោជន៍សាធារណៈ និងមិនឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់រាស្ត្រ។

ក្នុងនាមជាអភិបាលស្រុកដែលទើបកាន់តំណែងថ្មី លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលស្រុកមិនមានបំណងធ្វើឱ្យពលរដ្ឋមានការលំបាកនោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំមានការព្រួយបារម្ភហួសហេតុ តាមការបំប៉ោងព័ត៌មានមួយចំនួន និង ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការការពារតំបន់អន្លង់អភិរក្ស ព្រោះវាជាប្រភពចំណូលយូរអង្វែងរបស់សហគមន៍ទាំងមូល។ ពិសេសត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ដូចជាឧបករណ៍ឆក់ ឬស្បៃមុងក្រឡាញឹក) ដែលបំផ្លាញពូជត្រីតូចៗ។

ការបញ្ជាក់យ៉ាងច្បាស់ៗរបស់លោកអភិបាលស្រុកអង្គរបូរីនេះ ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីភាពជាអ្នកដឹកនាំ ដែលយកចិត្តទុកដាក់លើសុខទុក្ខរបស់រាស្ត្រ៕