រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

13-05-2026 17:08

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា (ADB) និងសហការី ព្រមទាំងប្រតិភូក្រុមបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRMP) និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះជំហាន២ (SIWRMP) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Yasmin Siddiqi និងគណៈប្រតិភូក្រុមបេសកកម្មត្រួតពិនិត្យគម្រោងរួមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការគាំទ្រយ៉ាងសកម្មជាបន្តបន្ទាប់ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រពេញលេញ និងការគ្រប់គ្រងធនធានទឹកដែលមានភាពធន់នឹងអាកាសធាតុ ប្រកបដោយចីរភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRMP) និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានពីរ(SIWRMP) គឺជាគម្រោងយុទ្ធសាស្ត្រ ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣២ ក្រោមសហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ គម្រោងនេះមានវិសាលភាពគ្របដណ្តប់លើខេត្តចំនួន ៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន៕