កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ (Video inside)

13-05-2026 17:23

(ភ្នំពេញ)៖ កម្ពុជា និងអាមេរិក បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យ​កាន់​តែ​ស៊ីជម្រៅ ខណៈការធ្វើពាណិជ្ជកម្មរវាងគ្នាកាន់តែល្អប្រសើរ។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្តីទីស្ថានទូត​សហរដ្ឋអាម៉េរិកប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។ នៅព្រឹកមិញនេះ លោកស្រីភារធារី និងសហការី បានអញ្ជើញជួបសម្តេចមហាបវរធិបតី ដើម្បីជម្រាបលាក្រោយពីលោកស្រីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រី Walker បានសម្ដែងក្ដីសោមនស្សរីករាយដែលបាន​បំពេញ​បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជា មានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋ​អាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់។ ក្នុងនោះរួមមាន មានការ​បញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី៧៥ នៃទំនាក់​ទំនង​ការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួន​គណៈប្រតិភូរដ្ឋា​ភិបាល​ និង សភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូ​នៃក្រសួង​ការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។

លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លង​ទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីពន្ធបដិការសំដៅពង្រឹង និង​ពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

សម្ដេចមហាបវរធិបតី បានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសក​កម្ម​ការទូតប្រកបដោយជោគជ័យនៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបាន​ចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី​កម្ពុជា-សហ​រដ្ឋ​អា​មេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការពេញចិត្ត​ចំពោះវឌ្ឍនភាព​នៃកិច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង​ទំនាក់​ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមាន​បទឈប់​បាញ់រវាងកម្ពុជា និងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិ​បត្តិ​ការ​លើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់​ទាញ​វិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។

សម្ដេចមហាបវរធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បី​បន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕