គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យ អគារស្នាក់នៅ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារដែលបម្រើឱ្យប្រព្រឹត្ដិបទល្មើស Online Scams និងឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៥៦នាក់

13-05-2026 17:51

(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យ អគារស្នាក់នៅ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារដែលបម្រើឱ្យប្រព្រឹត្ដិបទល្មើស Online Scams និងឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៥៦នាក់។

តាមរបាយការណ៍បានបញ្ជាក់ថា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង កម្លាំងអធិការ ដ្ឋាននគរបាលក្រុង, កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង ទីតាំងអគារ១កន្លែង ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាលទ្ធផល អគារមានកម្ពស់៥ជាន់ ១៨បន្ទប់ ខណ្ឌចែកជា២ល្វែង ក្នុងនោះ៖

* ល្វែងទី១ មានអ្នកគ្រប់គ្រងឈ្មោះ អ៊ឹង ប៉ូសុង ភេទប្រុស រកឃើញជនជាតិខ្មែររស់នៅប្រមូលផ្ដុំ ចំនួន៣៤នាក់ ស្រី១០នាក់ រកឃើញសម្ភារៈសង្ស័យមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមការសន្និដ្ឋានរបស់ក្រុមការងារ សង្ស័យប្រព្រឹត្តបទល្មើសអនឡាញស្កេមប្រព្រឹត្តដោយជនជាតិខ្មែរ។ ក្រុមការងារ បានសម្រេចជារួម បញ្ជូនអ្នកគ្រប់គ្រង និងជនជាតិខ្មែរ៣៤នាក់ ស្រី១០នាក់ ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរបន្ដនីតិវិធី និងបិទទីតាំងជាបណ្ដោះអាសន្ន។

* ល្វែងទី២ រកឃើញជនបរទេសចំនួន២១នាក់ ស្រី៦នាក់ និងខ្មែរ១នាក់ស្រី រកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមត្ថកិច្ចជំនាញកំពុងបន្ដស្រាវជ្រាវរកម្ចាស់ទីតាំង៕