រដ្ឋមន្ត្រីក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
13-05-2026 18:32
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ខ.) នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
ពិធីនេះមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទាំងពីរ លោក លោកស្រីជាសមាជិក សមាជិកា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លោក លោកស្រី ភ្ញៀវកិត្តិយស បណ្តាញអ្នកសារព័ត៌មាន និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នាពេលនេះ សាធារណជនអាចស្នើសុំបណ្ណបើកបរឌីជីថល ដាក់ក្នុង Personal Wallet លើ DG SuperApp របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាចប្រើប្រាស់រហូតដល់បណ្ណផុតសុពលភាព។
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាជំហានដ៏សំខាន់មួយក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះនឹងចូលរួមចំណែក ក្នុងការលុបបំបាត់ឯកសារក្លែងក្លាយតាមរយៈបច្ចេកវិទ្យាស្កែន QR Code ស្តង់ដារដែលមាន សុវត្ថិភាពខ្ពស់។ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារបាន ភ្លាមៗ ដែលជាកត្តានាំឱ្យកាត់បន្ថយចំណាយ និងចំណេញពេលវេលា ពីព្រោះប្រជាពលរដ្ឋមិន ចាំបាច់យកឯកសារទៅធ្វើនីត្យានុកូលកម្ម ជាក្រដាសច្រើនច្បាប់ឡើយ៕



















