រដ្ឋមន្រ្តីសុខាភិបាល៖ ភាពជាអ្នកដឹកនាំក្នុងវិស័យសុខភាពផ្លូវចិត្ត ត្រូវរួមបញ្ចូលគ្នារវាងចំណេះដឹងផ្នែកចិត្តសាស្រ្ត និងសមត្ថភាពក្នុងការដឹកនាំ ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងកម្រិតសហគមន៍ និងសង្គមកាន់តែល្អប្រសើរ

13-05-2026 18:34

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថាភាពជាអ្នកដឹកនាំក្នុងវិស័យសុខភាពផ្លូវចិត្ត គឺជាការបញ្ចូលគ្នារវាងចំណេះដឹងផ្នែកចិត្តសាស្រ្ត និងសមត្ថភាពក្នុងការដឹកនាំ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តក្នុងកម្រិតសហគមន៍ និងសង្គមជាតិ។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសលោកសាស្រ្តាចារ្យ អញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល អគ្គនាយកដ្ឋាន មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ គ្រឹះស្ថានបណ្តុះបណ្តាល និងមន្ត្រីសុខាភិបាលរាជធានី-ខេត្ត សរុបចំនួន ១៨២ រូប។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា «ភាពជាអ្នកដឹកនាំក្នុងវិស័យសុខភាពផ្លូវចិត្ត មិនមែនសំដៅតែលើការងារបច្ចេកទេសសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ ដោយរួមបញ្ចូលគ្នារវាងចំណេះដឹងផ្នែកចិត្តសាស្រ្ត និងសមត្ថភាពក្នុងការដឹកនាំ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តក្នុងកម្រិតសហគមន៍ និងសង្គមជាតិ បានល្អប្រសើរ»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្ថែមថាការយល់ដឹងពីសុខភាពផ្លូវចិត្ត មិនមែនជាបន្ទុកបន្ថែមសម្រាប់អ្នកដឹកនាំនោះទេ ប៉ុន្តែវាជាសមត្ថភាពយុទ្ធសាស្ត្រក្នុងការប្រមើលមើលបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ។ អ្នកដឹកនាំត្រូវមានសមត្ថភាពធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយបន្ទុកសេវាសុខាភិបាល និងកសាងសហគមន៍មួយដែលមាន «ភាពធន់» និង «ផលិតភាព» តាមរយៈការរក្សាចិត្តឱ្យបាននឹងនរ។

ជាងនេះទៀត អ្នកដឹកនាំដែលជោគជ័យពិតប្រាកដ មិនមែនស្ថិតលើការធ្វើការងារម្នាក់ឯងឱ្យពូកែនោះទេ ប៉ុន្តែគឺស្ថិតលើការកសាង និងបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពបន្តវេន ប្រកបដោយស្មារតីទទួលខុសត្រូវ។

មួយវិញទៀតភាពជាអ្នកដឹកនាំល្អ ទាមទារឱ្យមានការបើកចិត្តឱ្យទូលាយ (Open mindset) ការចេះស្ដាប់ និងការចែករំលែកបទពិសោធន៍។ ទាំងអ្នកផ្ដល់ចំណេះដឹង និងអ្នកទទួលចំណេះដឹង ត្រូវមានចិត្តទូលាយដូចគ្នា ដោយមិនត្រូវមើលរំលងតម្លៃរបស់បុគ្គលណាម្នាក់ ទោះបីជាគេមិនទាន់ល្អឥតខ្ចោះ ក៏ដោយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា។

លោកសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថានៅពេលភាពជាអ្នកដឹកនាំរឹងមាំ នោះបង្កើតបាននូវអង្គភាពរឹងមាំ។ អង្គភាពរឹងមាំ បង្កើតបាននូវសេវាកម្មដែលរឹងមាំ។ សេវាកម្មល្អ នាំមកនូវសុខភាពប្រជាជនកាន់តែប្រសើរឡើង។ ដូច្នេះត្រូវយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តស្មើនឹងសុខភាពរាងកាយ ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីយល់ដឹង និងដោះស្រាយបញ្ហាប្រឈមនានាជូនមន្ត្រី និងប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនោះរដ្ឋមន្រ្តីសុខាភិបាល បានកោតសរសើរដល់អង្គការសុខភាពពិភពលោក (WHO) ចំពោះការគាំទ្រដល់ប្រព័ន្ធសុខាភិបាលកម្ពុជា និងអំពាវនាវដល់អង្គការសុខភាពពិភពលោក (WHO) និងដៃគូពាក់ព័ន្ធ ឱ្យបន្តជួយគាំទ្រដល់ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងសុខភាពផ្លូវចិត្ត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដូចជាបញ្ហាគ្រឿងញៀនជាដើម។

ទន្ទឹមនឹងនេះលោកឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថាសិក្ខាសាលាបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ ធ្វើឡើងក្នុងគោលបំណងយល់ដឹងពីបន្ទុកនៃសុខភាពផ្លូវចិត្ត ជាសកល ក្នុងតំបន់ និងក្នុងប្រទេស, ត្រួតពិនិត្យស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃការអភិវឌ្ឍ, លើកកម្ពស់ការអនុវត្តក្របខណ្ឌការងារ សម្រាប់កិច្ចសម្របសម្រួលពហុវិស័យ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងការផ្តល់សេវាសុខភាពផ្លូវចិត្ត។

លោកបានឱ្យដឹងទៀតថា ដោយសារការខិតខំរបស់ប្រទេសកម្ពុជា ជាពិសេសក្រសួងសុខាភិបាលក្នុងការអនុវត្តសុខភាពផ្លូវចិត្តនៅកម្ពុជា អង្គការសុខភាពពិភពលោកបានបញ្ចូលកម្ពុជាជា ប្រទេសទី១០ ក្នុងកម្រិតពិភពលោក ដែលទទួលបានគម្រោងផ្តួចផ្តើមពិសេសសម្រាប់សុខភាពផ្លូវចិត្ត និងជាប្រទេសទី២ក្នុងកម្រិតតំបន់ បន្ទាប់ពីប្រទេសហ្វីលីពីន៕