នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវពង្រឹងវិន័យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឥរិយាបទ សុជីវធម៌ ក្នុងនាមជាមន្រ្តីនគរបាលជាតិ

13-05-2026 18:46

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់មន្រ្តីក្រោមវាទ ត្រូវពង្រឹងវិន័យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឥរិយាបទ សុជីវធម៌ ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន ក្នុងនាមជាមន្រ្តីនគរបាលជាតិ ជាពិសេសនៅក្នុងកិច្ចប្រតិបត្តិការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានទូទាំងប្រទេស។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅកិច្ចប្រជុំនេះ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក បានណែនាំមន្រ្តីនៃមន្ទីប្រឆាំងបទល្មើសគ្រឿង ត្រូវបន្តការងារប្រចាំថ្ងៃរបស់ខ្លួន បង្កើនការស្រាវជ្រាវ បង្ក្រាបបទល្មើសនៅតាមទីតាំងដូចជា ក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន សំដៅលុបបំបាត់តំបន់ចែកចាយគ្រឿងញៀន។ ទន្ទឹមនឹងនេះត្រូវ​ពង្រឹងកិច្ចសហការជាតិ និងអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងប្រតិបត្តិការរួម ដោយត្រូវពិនិត្យមើលលំហូរឯកសារ នឹងត្រូវបែងចែកការងារអាទិភាព មិនត្រូវទុកឲ្យនៅដក់សល់យូរឡើយ។

លោកឧត្តមសេនីយ៍ឯកក៏បានក្រើនរំលឹក មន្រ្តីទាំងអស់ ត្រូវបង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។

ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀត ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើការប្រមូលព័ត៌មានសម្ងាត់ ការអនុវត្តប្រតិបត្តិការតាមគោលដៅ និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕