គណៈមេធាវី រៀបចំបោះជំរុំសិក្សានិងចែករំលែកចំណេះដឹងច្បាប់ដល់កងកម្លាំងសមត្ថកិច្ច នគរបាលយុត្ដិធម៌ និងអ្នកពាក់ព័ន្ធ
13-05-2026 19:52
(សៀមរាប)៖ មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងគណៈមេធាវី នៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្ដសៀមរាប នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំបោះជំរុំសិក្សា និងផ្សព្វផ្សាយច្បាប់ស្ដីពី វិជ្ជាជាជីវៈមេធាវីក្នុងសង្គម របស់សិស្សមេធាវីជំនាន់ទី២០ ដើម្បីឱ្យពួកគាត់ចែករំលែកចំណេះដឹងដល់កងកម្លាំងសមត្ថកិច្ច នគរបាលយុត្ដិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា មានប្រសាសន៍ថា មុនពេលបញ្ចប់វគ្គសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវរៀបចំដឹកនាំសិស្សមេធាវីបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់ដល់សាធារណៈជន នៅតាមបណ្តារាជធានី/ខេត្តនានា ដើម្បីឱ្យសិស្សមេធាវីទាំងអស់ បានស្គាល់អំពីភូមិសាស្ត្រ បែបបទការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទំនៀមទម្លាប់ ប្រពៃណីនៃតំបន់នីមួយៗ និងបណ្តុះគំនិតដល់សិស្សមេធាវី ឱ្យចេះចែករំលែកចំណេះដឹងដល់សង្គម តាមរយៈផ្សព្វផ្សាយពីច្បាប់ ក៏ដូចជាវិជ្ជាជីវៈមេធាវីនៅក្នុងសង្គម ដើម្បីលើកកម្ពស់នីតិរដ្ឋ និងការចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មុនពេលក្លាយជាមេធាវី។
លោកបានបន្ដថា កម្មវិធីបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់នេះ ជាទិសដៅការងារ១ ក្នុងចំណោមទិសដៅការងារចំនួន១២ នៃផែនការសកម្មភាពគោលនយោបាយដឹកនាំគណៈមេធាវី ពេលចូលកាន់ដំណែង ពោលគឺត្រង់ចំនុចទី១ គឺការចូលការរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ តាមរយៈការផ្តល់សេវាកម្មច្បាប់ដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។ ជាមួយគ្នានេះ គណៈមេធាវីនៃកម្ពុជា បានដាក់ចេញនូវផែនការសកម្ម ភាពជាច្រើន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយច្បាប់ផង ពង្រឹងសមត្ថភាពរបស់មេធាវីផង ក៏ដូចជាការចូលរួមបម្រើវិស័យយុត្តិធម៌ផង។
លោកបន្ដថា កាលពីក្នុងឆ្នាំ២០២៥ គណៈមេធាវីបានចូលរួមលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការផ្តល់មេធាវីជួយការពារក្តីជូនជនក្រីក្រ មិនយកកម្រៃបានចំនួន៨,៥៥៦ករណី មានកូនក្តីចំនួន១៤,៨២៥នាក់ និងអនីតិជនចំនួន៥៣,៩៣នាក់ និងបានធ្វើការពិគ្រោះយោបល់ផ្លូវច្បាប់មិនយកកម្រៃបានចំនួន៤៥៦ករណី។
លោក សាំង វណ្ណៈ បន្ថែមថា នៅក្នុងឆ្នាំ២០២៦ គណៈមេធាវីមានផែនការនឹងបង្កើតកម្មវិធីថ្មីមួយទៀត គឺកម្មវិធី Legal Potcast និងLawyer Potcast ដែលជាកម្មវិធីពិភាក្សាច្បាប់សម្រាប់ជាការចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ។លោកបន្ថែមថា សិស្សមេធាវីជំនាន់ទី២០នេះ នឹងក្លាយខ្លួនជាមេធាវី ពេញសិទ្ធិ ដើម្បីបម្រើវិស័យយុត្តិធម៌ក្នុងសង្គម ប្រកបដោយវិជ្ជាជីវៈមេធាវី។
លោក សុខ ថុល អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា វិជ្ជាជីវៈមេធាវី គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ។ លោកបន្ដថា កន្លងមករាជរដ្ឋាភិបាលបានគាំទ្រគណៈមេធាវី តាមរយៈការផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់ការពារក្តីជូនជនក្រីក្រ និងស្ត្រី/កុមារីរងគ្រោះ ព្រមទាំងបានតែងតាំងតំណាង គណៈមេធាវី ជាសមាជិក ក្នុងអាជ្ញាធរ និងគណៈកម្មការជាតិសំខាន់ៗជាច្រើនផងដែរ។
លោកបានបន្តថា «វិជ្ជាជីវៈមេធាវី គឺជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រព័ន្ធយុត្តិធម៌ និងការកសាងរដ្ឋបាលកិច្ចល្អនៅក្នុងសង្គម។ កម្មវិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ មិនត្រឹមតែជាការអនុវត្ត ជាក់ស្តែងរបស់សិស្សមេធាវីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ ដឹងផ្នែកច្បាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាកត្តាចម្បងក្នុងការកាត់បន្ថយជម្លោះនិងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។»
លោក ប៉ា ងួនគា នាយកមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី មានប្រសាសន៍ថា សិស្សមេធាវីគ្រប់ជំនាន់ត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីសម្រាប់រយៈ ពេល២ ឆ្នាំ សិក្សាទ្រឹស្តី១ឆ្នាំ និងធ្វើកម្មសិក្សា១ឆ្នាំ លើមុខវិជ្ជាចំនួន២១ មុខ ជាមួយសាស្ត្រាចារ្យផ្នែកច្បាប់ ដូចជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី ជាដើម។
សូមជម្រាបថា កម្មវិធីបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់លើបទបង្ហាញចំនួន៤ រួមមាន៖ ១- នីតិវិធីបណ្តឹងក្នុងរឿងក្តីរដ្ឋប្បវេណី ២-នីតិវិធីបណ្តឹងក្នុងរឿងក្តីព្រហ្មទណ្ឌ ៣-អត្រានុកូលដ្ឋាន អាពាហ៍ពិពាហ៍ និងសន្តតិកម្ម ៤- តួនាទីមេធាវី ក្នុងរឿងក្តីរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ដើម្បីឲ្យសិស្សមេធាវីជំនាន់ទី២០ មានឱកាសបញ្ចេញសមត្ថភាពចំណេះដឹងរបស់ខ្លួនដែលបានសិក្សាក្នុងថ្នាក់កន្លងមក៕















