អភិបាលខេត្តកែប ជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ បន្តគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែប្រសើរឡើងថែមទៀត
13-05-2026 19:58
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណ:អភិបាល ខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជន បន្តយកចិត្តទុកដាក់គាំទ្រ និងជួយដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដេីម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន អោយកាន់តែប្រសេីរឡេីង។
ការជំរុញបែបនេះ ក្នុងឱកាស លោក សោម ពិសិដ្ឋ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ឧសភា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសេះសសាលាខេត្តកែប ។
ទន្ទឹមនោះ លោកអភិបាលខេត្ត បានអាននូវសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិ និងការកសាងសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា វីរភាព និងការលះបង់របស់បងប្អូនអតីតយុទ្ធជន គឺជាគំរូដ៏ថ្លៃថ្លានៃស្មារតីស្នេហាជាតិ និងភាពអង់អាចក្លាហាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី ការស្តារ និងកសាងប្រទេសឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ។
លោកស្រី គឹម ចន្នី អភិបាលរងខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប បានលើកឡើងពីរការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រ និងដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន តាមរយៈការផ្តល់អំណោយ សម្ភារៈប្រើប្រាស់ និងការគាំពារសង្គមផ្សេងៗ។
គួររំលឹកថា ពិធីខាងលើនេះ រៀបចំឡើងក្នុងគោលបំណងរំឭកគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕






















