វីរកងទ័ព២រូប ដែលឈរជេីងនៅជួរមុខ​ ទទួលអំណោយលើកទឹកចិត្តពីអភិបាលស្រុកស្ទោង​ ពេល​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង

13-05-2026 20:01

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការី ព្រមទាំងកងកម្លាំងទាំងបី នាល្ងាចថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនវីរកងទ័ព២រូប ដែលទើបត្រឡប់មកពីបំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន ហើយកំពុងបន្តសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្ទោង។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុកស្ទោង បានសំណេះសំណាល សួរសុខទុក្ខ និងពីស្ថានភាពជំងឺរបស់នាយទាហានទាំងពីររូបដោយក្តីយកចិត្តទុកដាក់។ លោកបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឆន្ទៈមុះមុត ស្មារតីលះបង់ និងការខិតខំបំពេញភារកិច្ចរបស់វីរកងទ័ព ក្នុងការការពារខ្សែបន្ទាត់ព្រំដែន បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

លោក សាយ គឹមឡម បានផ្តាំផ្ញើដល់នាយទាហានទាំងពីររូប ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងទទួលទានឱសថឱ្យបានទៀងទាត់ ដើម្បីឆាប់បានជាសះស្បើយ និងមានកម្លាំងពេញលេញឡើងវិញ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្ទោង ដែលបានយកចិត្តទុកដាក់ព្យាបាល និងមើលថែវីរកងទ័ពទាំងពីររូប ដោយស្មារតីទទួលខុសត្រូវ និងមនុស្សធម៌។ លោកបានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យថា ជាសមរភូមិជួរក្រោយដ៏សំខាន់ ក្នុងការជួយគាំទ្រដល់កងកម្លាំងដែលបានបំពេញភារកិច្ចការពារជាតិ។

លោក សាយ គឹមឡម ក៏បានសម្តែងនូវការដឹងគុណយ៉ាងក្រៃលែងចំពោះវីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ការចុះសួរសុខទុក្ខនេះ គឺជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានចំពោះកងកម្លាំងដែលបានបំពេញភារកិច្ចជូនជាតិ។

សូមបញ្ជាក់ថា នាយទាហានទាំងពីររូបដែលកំពុងសម្រាកព្យាបាល រួមមាន លោកអនុសេនីយ៍ត្រី ទិត្យ ទិន ដែលឈរជើងនៅវរសេនាតូច៣៧៤ នៃកងពលតូចលេខ៧ ភ្នំខ្មោច និងលោកអនុសេនីយ៍ត្រី ហ៊ន ចន្ទី នៅផ្នែកសឹករងស្ទោង និងឈរជើងនៅទិសអានសេះ។

អំណោយដែលលោកអភិបាលស្រុកស្ទោង និងសហការីនាំយកទៅប្រគល់ជូនក្នុងម្នាក់ៗ រួមមាន អង្ករ ១បេ មី ១កេស ទឹកបរិសុទ្ធ ២កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។

សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយស្មារតីដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រទេសជាតិ៕