ក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦
13-05-2026 21:04
(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន នៅរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានសហការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រចាំឆ្នាំលើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងជាសហប្រធានក្រុមប្រឹក្សាភិបាល និងសាស្រ្តាចារ្យបណ្ឌិត ចាង វិនថាវ សាកលវិទ្យាធិការ និងជាសហប្រធានក្រុមប្រឹក្សាភិបាល។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗរួមមាន របាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ និងផែនការសកម្មភាពមួយចំនួនទៀត។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានបោះឆ្នោតជាឯកច្ឆ័នអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ ព្រមទំាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦។ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីនបានសហការបញ្ជូនសំណើសុំថវិកាពីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃសាធារណៈរដ្ឋប្រជាមានិតចិនដើម្បីបង្កើតបន្ទប់ពិសោធ រួមគ្នានៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ភាគីទាំងពីរយល់ព្រមលើការផ្តល់អាហារូបករណ៍រយៈពេលខ្លី និងវែងចាប់ពីកម្រិតបរីញ្ញាបត្រជាន់ខ្ពស់ ដល់បណ្ឌិតទៅសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន។
សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីននឹងបញ្ជូនសាស្រ្តាចារ្យមកបង្រៀនជំនាញទាក់ទងវិស្វកម្មអេឡិចត្រូនិក វិទ្យាសាស្រ្តកំព្យូទ័រ និងធុរកិច្ច ព្រមទាំងជួយសម្របសម្រួលនិងអំពាវនាវក្រុមហ៊ុនវិនិយោគចិនក្នុងប្រទេសកម្ពុជាចូលរួមជួយឧបត្ថម្ភគាំទ្រឱកាសទស្សនកិច្ចសិក្សា កម្មសិក្សា និងផ្តល់ការ ងារ ជូននិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះដែរ តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យបណ្ឌិត ចាង វិនថាវ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន គណៈប្រតិភូនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងទៅទស្សនកិច្ចការងារនៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីននាពេលខាងមុននេះ។ បច្ចុប្បន្ន នេះ វិទ្យាស្ថានបានបង្កើតថ្នាក់រៀនភាសាចិននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ ក្នុងរយៈពេលជាង៦ឆ្នាំកន្លងទៅនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលភាសាចិនគ្រប់កម្រិតដល់សិស្សានុសិស្ស និងនិស្សិតសរុបចំនួនជាងមួនម៉ឺននាក់ និងបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចំនួនជាង២០០លើក។ វិទ្យាស្ថានក៍បានបញ្ជូលកម្មវិធីអប់រំភាសាចិនទៅក្នុងប្រព័ន្ធសិក្សាក្រេឌីតរបស់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។
សូមរំលឹកដែរថាសាកលវិទ្យាល័យជាតិបាត់ដំបងនិង សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីនបានរួមគ្នាបង្កើតវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ ដំបងជាផ្លូវការនៅឆ្នាំ២០១៩។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងប្រចាំឆ្នាំលើកទី៦មានសមាភាពចូលរួមរួមមាន៖ (១) លោក សុខ ឃន សាកលវិទ្យាធិការ និងជាសហប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (២) លោកសាស្រ្តាចារ្យបណ្ឌិត ចាង វិនថាវ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (៣) RF. HUANG Shaobo លេខាធិការនៃបច្ចេកវិទ្យាអេឡិចត្រូនិច បណ្ឌិត្យសភាបញ្ញាសិប្បនិម្មិតក្វាងស៊ី (៤) លោកសាស្ត្រាចារ្យ វូ ជុន នាយក នៃនាយកដ្ឋាន ផែនការ អភិវឌ្ឍន៍ (៥)លោកសាស្រ្តាចារ្យ YE Song អនុប្រធានប្រតិបត្តិផ្នែកវិស្វកម្មអុបតូអេឡិចត្រូនិច (៦)លោកស្រីសាស្ត្រាចារ្យ GAO Lanying ព្រឹទ្ធនារីការរិយាល័យផ្លាស់ប្តូរអន្តរជាតិ (៧) លោកសាស្ត្រាចារ្យរង ចាង លឹង សហនាយកវិទ្យាស្ថានខុងជឺភាគីចិន (៨) លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងជាសហនាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា (៩) លោក ទេព នាវា សាកលវិទ្យាធិការរង (១០)លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង (១១)លោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង (១២) លោក ញាណ វត្ថនា នាយកវិទ្យាស្ថានភាសាបរទេស (១៣) លោក យឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុសាស្រ្ត និងអប់រំ (១៤) លោក ម៉ាន ហ្វាហ្ស៊ី អនុប្រធានការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈ និង សហការីមួយចំនួនផងដែរ៕























