កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តចុះបង្ក្រាបបទល្មើស Online Scams ចំនួន៤ទីតាំងនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

13-05-2026 21:10

(ភ្នំពេញ)៖ កម្លាំងនរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scames) ចំនួន០៤ទីតាំង ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងស្រាវជ្រាវជំនាញដឹកនាំដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលចូលរួមពីនគរបាល និងអាវុធហត្ថ បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០៤ទីតាំង នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

នៅក្នុងប្រតិបត្តិការកម្លាំងនគរបាលបានចុះត្រួតពិនិត្យរកឃើញមនុស្ស និងសម្ភារៈវត្ថុតាងរួមមានជនបរទេសចំនួន ៥៣នាក់, ចំនួន៣៩ នាក់ (ស្រី ០៤នាក់) មាន ០៣សញ្ជាតិ (ចិន, ឡាវ និងវៀតណាម) ជាមុខសញ្ញាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ចំណែកមនុស្សចំនួន ១៥នាក់ ទាក់ទងនឹងការរស់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន។

វត្ថុតាងដកហូតបានរួមមាន៖ កុំព្យូទ័រលើតុ (All In One) ចំនួន ១៤គ្រឿង, កុំព្យូទ័រយួរដៃ(LAPTOP) ចំនួន ០២គ្រឿង និងទូរស័ព្ទដៃ ចំនួន ៤១គ្រឿង។

សន្និដ្ឋាននឹងវាយតម្លៃ ជនសង្ស័យខាងលើបានប្រើប្រាស់ប្រទេសកម្ពុជា បទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា Online Scams ក្រោមរូបភាពលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ និងលក់ផលិតផលក្លែងក្លាយតាមវែបសាយ៕