អភិបាលខេត្តស្ទឹងត្រែង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍ និងក្រុមឆ្មាំទន្លេ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

13-05-2026 21:12

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនឆ្មាំទន្លេ អ្នកអភិរក្សសត្វផ្សោត សមាជិកសហគមន៍នេសាទ និងក្រុមការងារអភិរក្សត្រីមេពូជ ក្នុងឱកាសរដូវបិទនេសាទ ដែលបានរៀបចំឡើងនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្ទឹងត្រែង មានប្រសាសន៍ក្នុងឱកាសនោះ លោក សរ សុពុត្រា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាសហគមន៍ និងក្រុមឆ្មាំទន្លេ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គ និងប្រភេទត្រីមេពូជសំខាន់ៗ ដែលជាមូលដ្ឋានសម្រាប់ការរស់នៅ និងជាប្រភពចំណូលរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក សរ សុពុត្រា ក៏បានបញ្ជាក់ថា ការអនុវត្តរដូវបិទនេសាទ គឺជាវិធានការសំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារ និងបន្តពូជធនធានត្រី ឲ្យមានភាពសម្បូរបែប និងចីរភាព សម្រាប់ជីវភាពប្រជាពលរដ្ឋរយៈពេលវែង។ ក្នុងន័យនេះ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគោរពច្បាប់នេសាទ មិនប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងជួយរាយការណ៍អំពើល្មើសទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ បន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តដល់ក្រុមឆ្មាំទន្លេ និងសហគមន៍នេសាទ ឲ្យបន្តសហការជាមួយអាជ្ញាធរ និងអង្គភាពជំនាញ ដើម្បីថែរក្សាបរិស្ថានទន្លេ និងជីវចម្រុះ ឲ្យនៅស្ថិតស្ថេរជានិរន្តរភាព សម្រាប់ជំនាន់ក្រោយ។

នៅក្នុងពិធីនេះផងដែរ លោកសរ សុពុត្រា បាននាំយកអំណោយគ្រឿងឧបភោគ-បរិភោគ និង ប្រេងឥន្ធនៈ ចែកជូនដល់បងប្អូនឆ្មាំទន្លេ សហគមន៍នេសាទ និងក្រុមអភិរក្ស ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រការងារដ៏មានសារៈសំខាន់ មួយនេះ មានដូចជា .អង្ករ ១៦០ គីឡូក្រាម,មីជាតិ ៣០ កេស,ទឹកស៊ីអ៊ីវ ៨ យួរ,ទឹកត្រី ៨ យួរ,ប្រេងឆា ៨ ដប,ស្កសរ ៨ គីឡូក្រាម,ប៊ីចេង ៨ កញ្ចប់,អំបិល ៨ កញ្ចប់,ម្រេច ៨ កញ្ចប់, ខ្ទឹមស ៨ គីឡូក្រាម,ផ្អក ១៦ គីឡូក្រាម,ប្រហុក ១៦ គីឡូក្រាម,ត្រីខ ១២ យួរ,សាច់ក្រក ៨ គីឡូក្រាម,សាំង ៣២០ លីត្រ,អាវពោង ១០ អាវ,ភេសជ្ជៈគ្រុឌ ២០ កេះ,ភេសជ្ជៈប៉ូវកម្លាំង ៣០ កេះ និង ថវិកា ៣.០០០.០០០ រៀល៕