អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការសាងសង់ផ្ទះ ជូនវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ពពលី នៅស្រុកព្រៃឈរ
13-05-2026 22:24
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការសាងសង់ផ្ទះមួយខ្នង ជូនកងទ័ពជួរមុខ ស្ថិតនៅភូមិក្រសាំងតាម៉ ឃុំក្រូច និងមួយខ្នងទៀតសាងសង់ជូនគ្រួសារកងទ័ពពលី នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ដែលផ្ទះទាំងពីរខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ផ្ទះមួយខ្នង ដែលសាងសង់ឡើងពីឥដ្ឋ ប្រក់សង្ក័សី ទំហំ៧ ម៉ែត្រ គុណ ៧ម៉ែត្រ ស្ថិតនៅភូមិក្រសាំងតាម៉ ឃុំក្រូច ត្រូវបានផ្តល់ឲ្យឈ្មោះ សឿង សំអាត អាយុ២៨ឆ្នាំ ជាកងទ័ពជួរមុខ ឈរជើងនៅច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ចំណែកសំណង់ផ្ទះថ្មីមួយខ្នងទៀត សម្រេចការសាងសង់រួចរាល់១០០% ស្ថិតនៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ត្រូវបានផ្តល់ជូនគ្រួសារ វីរយុទ្ធជនពលី លោកនាយចំណង់ សឿន សាលី វីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិកន្លងទៅ៕










