សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូចដែលមិនគួរកើតមាន (Video inside)

14-05-2026 09:13

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម។

«ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ [...] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួប​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។

សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន៕