ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី៖ មរតកនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ

14-05-2026 09:27

(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គឺជាពេលវេលាដ៏ឱឡារិកមួយសម្រាប់ប្រជាជនកម្ពុជា និងរុស្ស៊ី គឺការ ប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលប្រាំពីរ ទសវត្សរ៍កន្លងមកនេះ កម្ពុជា និងរុស្ស៊ី បានពូនជ្រំទំនាក់ទំនងដ៏យូរអង្វែងមួយដោយឈរលើមូលដ្ឋាននៃ ការគោរពគ្នាទៅវិញទៅមក ជំនឿទុកចិត្ត និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។

ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ភូមិសាស្ត្រនយោបាយយ៉ាងជ្រាលជ្រៅ។ ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលគួរឱ្យចងចាំជាពិសេស គឺ ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលកាលនោះទ្រង់ជា ព្រះប្រមុខរដ្ឋកម្ពុជា ក្នុងឋានៈជាប្រមុខរដ្ឋនៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងទៅកាន់អតីតសហភាពសូវៀតកាលពីខែកក្កដា ឆ្នាំ១៩៥៦ ភ្លាមៗ បន្ទាប់ពីការបង្កើតទំនាក់ទំនងផ្លូវការរវាងប្រទេសទាំងពីរ។

ចាប់តាំងពីពេលនោះមក មូលដ្ឋានគ្រឹះនៃ ទំនាក់ទំនងកម្ពុជា-រុស្ស៊ីបានពង្រឹងបន្ថែមទៀត កំណត់ដោយសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។ ទំនាក់ទំនងដ៏យូរអង្វែងនេះហើយបានអនុញ្ញាតឱ្យប្រទេសទាំងពីររក្សាបាននូវការចូលរួមប្រកបដោយ ស្ថាបនាស្ទើរគ្រប់វិស័យ។

ក្នុងប្រវត្តិសាស្ត្រ អតីតសហភាពសូវៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការស្តារឡើងវិញ នូវសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា បន្ទាប់ពីការរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ដែលកម្ពុជាតែងតែដឹងគុណរហូតមក។

ចាប់ពីការផ្លាស់ប្តូរការអប់រំរហូតដល់ជំនួយ បច្ចេកទេស និស្សិតកម្ពុជាប្រមាណជាង ៨,០០០ នាក់បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅអតីតសហ ភាពសូវៀត និងសហព័ន្ធរុស្ស៊ី ហើយអតីតនិស្សិតជាច្រើននាក់នាពេលបច្ចុប្បន្នបានបម្រើការងារក្នុងជួរ ដឹកនាំនៅទូទាំងវិស័យនានាក្នុងប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមផ្នែកអភិវឌ្ឍន៍ធនធានមនុស្សទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសជាតិរបស់កម្ពុជា និងបានលើក កម្ពស់អ្នកជំនាញជំនាន់ក្រោយ ដែលក្លាយជាស្ពាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕