សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន៖ ការរៀនសូត្រជាអំពើដ៏ប្រសើរ ដែលជួយឱ្យមានអនាគតភ្លឺស្វាង និងអាចបម្រើសង្គមជាតិបានយ៉ាងល្អប្រសើរ

14-05-2026 14:08

(កំពង់ធំ)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ ព្រះអគ្គាធិការរង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅខេត្តកំពង់ធំ។

ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកស្រី នួន ប៊ុនណា រដ្ឋលេខាធិការតំណាងបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបចំនួន ៧១៧អង្គ/នាក់ផងដែរ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក នួន ផារ័ត្ន បានផ្តល់ទស្សនៈមួយចំនួន សម្រាប់ការអនុវត្តទៅមុខរបស់ផ្នែកពុទ្ធចក្រមាន៖

*ទី១៖ គ្រប់វត្តអារាមទូទាំងខេត្តសូមឱ្យបន្តនូវសាមគ្គីភាព ដើម្បីធ្វើជាគំរូល្អដល់ពុទ្ធសាសនិក សំដៅលើកកម្ពស់ ការប្រតិបត្តិព្រះ ពុទ្ធសាសនា។

*ទី២៖ ស្នើឱ្យព្រះមេគណ ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការ គណៈគ្រប់គ្រងសាលាទាំងអស់ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៖ គ្មានបទល្មើសលួច ឆក់ប្លន់ គ្រឿងញៀន ល្បែង ស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស។

*ទី៣៖ ស្នើសុំព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការគ្រប់វត្ត មេត្តាបន្តជួយជ្រោមជ្រែង ឧបត្ថម្ភ គាំទ្រ វិស័យពុទ្ធិកសិក្សាឱ្យបានខ្លាំងក្លា ជួយជំរុញឱ្យកុលបុត្រខ្មែរ ដែលបានបួសហើយឱ្យបានចូលសិក្សា ក្នុងប្រព័ន្ធពុទ្ធិកសិក្សា ដើម្បីឱ្យមានធនធានបញ្ញវន្តសង្ឃកាន់តែច្រើន ទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានស្ថិតស្ថេរយូរអង្វែងទៅ។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា លទ្ធផលដែលទទួលបានក្នុងឆ្នាំសិក្សា២០២៥-២០២៦ កន្លងទៅពិតជាបង្ហាញយ៉ាងច្បាស់ របស់សាលាគណខេត្តកំពង់ធំ មន្ទីរធម្មការ និងសាសនាខេត្ត បានខិតខំប្រឹងប្រែងរាល់កិច្ចការងារនៅចំពោះមុខ នេះជាមោទនភាពក្នុងការឆ្លុះបញ្ចាំងអំពីដំណើរការរីកចម្រើនលើវិស័យពុទ្ធិកសិក្សា ដែលជាថ្នាលបណ្តុះបណ្តាលធនធានព្រះសង្ឃ។ រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើគ្រប់វិសយ័ពុទ្ធសាសនាបញ្ហាប្រឈមមួយចំនួនរួមមាន៖ កង្វះគ្រូក្របខណ្ឌនៅគ្រប់កម្រិតពុទ្ធិកសិក្សា, ខ្វះសៀវភៅឯកសារសិក្សាស្រាវជ្រាវគ្រប់កម្រិត សមណសិស្ស និង សិស្សភាគច្រើនទៅប្រឡងសាលាបំពេញវិជ្ជា ឬ(សឹក)។

នាឱកាសនោះដែរសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានសង្ឃដីកាថា សមណសិស្សគួរខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង សីលធម៌ និងប្រាជ្ញា។ ការរៀនសូត្រជាអំពើដ៏ប្រសើរ ដែលជួយឱ្យមានអនាគតភ្លឺស្វាង និងអាចបម្រើសង្គមជាតិបានយ៉ាងល្អប្រសើរ។ ដូច្នេះត្រូវមានភាពអត់ធ្មត់ ព្យាយាម និងយកចិត្តទុកដាក់ក្នុងការសិក្សាជានិច្ច។ ការស្រាវជ្រាវនឹងជួយឱ្យទទួលបានចំណេះដឹងថ្មីៗ ទូលំទូលាយ និងអាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃបានយ៉ាងមានប្រយោជន៍។ អ្នកដែលខិតខំរៀនសូត្រជានិច្ច នឹងទទួលបានភាពជោគជ័យ និងក្លាយជាបុគ្គលមានតម្លៃសម្រាប់សង្គម និងព្រះពុទ្ធសាសនា។

សម្តេចបញ្ជាក់ថា នៅតាមវត្តអារាមនីមួយៗ សូមឱ្យមានតុបតែងកែមអរបរិស្ថានឱ្យបានស្រស់ស្អាត ដើម្បីទាក់ទាញពុទ្ធបរិស័ទ និងសប្បុរសជនចូលមកគោរពបូជា និងជួយកសាងនៅហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន៕