រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧៣ យាងចូល ៧៤ព្រះវស្សា របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
14-05-2026 14:21
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧៣ យាងចូល៧៤ព្រះវស្សា នៅសាលមហោស្រពរតន:។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឌុច ចាន់តូ អភិបាលខេត្តស្តីទី ព្រមទាំងបានការនិមន្ត ពីព្រះមន្រ្តីសង្ឃ ទាំង២គណៈ និងអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត,ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង ស្រុក ព្រមទាំងយុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ លោក ឌុច ចាន់តូ បានអានបានសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្ត ដោយសារលិខិតបានលើកឡើងថា ទូលព្រះបង្គំ តំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី សូមព្រះ បរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការ ប្រកបដោយក្តីកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជបញ្ញាញាណ ឈ្វេងយល់ដ៏ឈ្លាសវៃ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ របស់ព្រះ ករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កន្លងមក។
យើងខ្ញុំ ទូលព្រះបង្គំ ចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញាញាណ ព្រះកាយពលគ្រប់ ពេលវេលា ក្នុងបុព្វហេតុដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គប្រកបដោយព្រះរាជហឫទ័យ មហាសប្បុរស់ សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
នាក្នុងឱកាសប្រកបដោយសិរីមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតា នរោត្តម ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សូម ប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានជន្មាយុ យឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ សះស្បើយពីរោគានានា និងព្រះកាយ ពលមាំមួន ដើម្បីគង់ប្រថាប់ក្នុងព្រះបរម សិរីរាជសម្បត្តិជា
មហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះ រាជ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ៕























