មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាព នៃការផលិត និងការដាំឈូក នៅក្នុងស្រុកពោធិ៍រៀង
14-05-2026 14:23
(ព្រៃវែង)៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះទស្សនកិច្ចសិក្សាពីដំណាំរដូវ (ដំណាំឈូក) នៅក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីជំរុញការផលិតក្នុងស្រុក និងពង្រីកសក្តានុពលកសិ-ឧស្សាហកម្ម ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។
ក្នុងឱកាសនោះ លោក ហ៊ាន វណ្ណហន បានវាយតម្លៃលើបច្ចេកទេសដាំដុះ និងការគ្រប់គ្រងទឹករបស់កសិករ ដើម្បីធានាបាននូវទិន្នផលខ្ពស់ ហើយលោកក៏បានជួបពិភាក្សាជាមួយម្ចាស់ចម្ការឈូក និងសហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងបញ្ហាសត្វល្អិតចង្រៃ។
លោកកោតសរសើរចំពោះកសិករ ក្នុងស្រុកពោធិ៍រៀង ដែលបានប្រែក្លាយផ្ទៃដីកសិកម្ម ឲ្យទៅជាតំបន់ដាំដុះឈូកដ៏មានសក្តានុពល។ ឈូកមិនត្រឹមតែជាដំណាំសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយ នៃទេសចរណ៍កសិកម្ម ដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងទិញផលិតផលដោយផ្ទាល់។
បើតាមការបលើកឡើងរបស់លោក អៀន អឿន ម្ចាស់ចំការឈូក ដែលរស់នៅភូមិជ្រៃក្រហឹម ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង បានឲ្យដឹងថា ដំណាំឈូកមានតម្លៃខ្ពស់ជាងស្រូវដោយឈូកស្ងួត មានតម្លៃជាង៥ពាន់រៀល ក្នុងមួយគីឡូក្រាម ហើយរយៈពេល៣ខែ គឺឈូកអាចប្រមូលផលបាន។ ការប្រមូលផលនេះទៀតសោត គឺរហូតទៅដល់២ខែបន្តទៀត ដោយរាប់ចាប់ពីថ្ងៃប្រមូលផលឈូក ដោយអាចបេះបានជាបន្តបន្ទាប់ទៀត។ ក្នុងមួយហិកតាផាត់ការចំណាយទៅលើប្រេងទៅលើឈ្នួលអស់ អាចនៅសល់ពី៣លាន ទៅ៤លានរៀលជាង ទៅតាមតម្លៃឈូកឡើងចុះនៃទីផ្សារផងដែរ៕














