ប្រជាពលរដ្ឋខ្វះខាត ២០គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត

14-05-2026 14:28

(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២០គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូ មុង១ ភួយ១ កន្ទេល១ ឃីត ១កញ្ចប់ និងថវិកា ៥០ ០០០រៀល ស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក លឹម សៀងហេង បាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរគុណ ពីសំណាក់លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងសហគមន៍។

លោកប្រធានកិត្តិយសអនុសាខា ក៏បានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមិនមានការរើសអើងពណ៌សម្បុរពូជសាសន៍ ឬនិន្នាការនយោបាយនោះឡើយ៕