ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភត្ត ប្រគេនព្រះសង្ឃ៧៣អង្គ ថ្វាយព្រះពរ ជ័យសិរីមង្គល ក្នុងព្រះវរោកាសព្រះរាជពិធី ចម្រើនព្រះជន្មវឌ្ឍនមង្គល ព្រះមហាក្សត្រ (Video inside)
14-05-2026 15:10
(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានយាងជាព្រះរាជាធិបតីដឹកនាំ សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃ ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្នាក់ដឹកនាំប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរគ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភត្ត ប្រគេនព្រះសង្ឃ ៧៣អង្គ ថ្វាយព្រះពរ ជ័យសិរីមង្គល ក្នុងព្រះវរោកាសព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នាឱកាសដ៏មហានក្ខត្តឬក្សមហាជ័យមង្គលនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូរ ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៧៣យាងចូល៧៤ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦) សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍។
ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌ ព្រះរាជឧត្តមគតិ ព្រះរាជមនសិការស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាព សម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ មោទនភាព និងកិត្យានុភាពជាតិ និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។
សម្តេចព្រះសង្ឃនាយករង និងព្រះមន្រ្តីសង្ឃនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្នាក់ដឹកនាំបុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរគ្រី សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរ និងរៀបចំព្រះរាជា ពិធីចម្រើនព្រះបរិត្ត សម្តេចធម៌ទេសនា កាយាបង្គំវន្ទាន ប្រសិទ្ធព្រះពរជ័យ ព្រះបវរសួស្តី សិរីមង្គល និង ព្រះបរមសុខគ្រប់ប្រការ និងសូមថ្លែងនូវព្រះរាជមហាករុណាទិគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួត របស់ព្រះអង្គជ្រកកោន ក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។
សូមជម្រាបជូនថា ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំ វេរភត្តសម្រាប់ថ្វាយ-ប្រគេន សម្តេចមហាព្រះសង្ឃរាជ សម្តេច ព្រះសង្ឃនាយករង និងព្រះមន្រ្តីសង្ឃប្រមាណ ៧៣ ព្រះអង្គ។ ដោយឡែក លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួមក៏បានមានសទ្ធាជ្រះថ្លា រាប់បាត្រថ្វាយ-ប្រគេន សម្តេចមហាព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះសង្ឃគ្រប់ព្រះអង្គ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ៕




























































































