ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ផ្ញើសារលិខិតថ្វាយព្រះរាជសារតាំងជូនព្រះករុណាព្រះចៅអធិរាជជប៉ុន

14-05-2026 16:03

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានថ្វាយជូន ព្រះករុណា ព្រះចៅអធិរាជ ណារុហ៊ីតូ នូវព្រះរាជសារតាំងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងលោកជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានេះ លោកឯកអគ្គរាជទូត អមដោយមន្ត្រីការទូតនៃស្ថានឯកអគ្គរាជទូត ត្រូវបានអមដំណើរទៅកាន់ព្រះបរមរាជវាំងដោយរថសេះ។

នៅពេលអញ្ជើញដល់ លោកឯកអគ្គរាជទូត ត្រូវបានទទួលបដិសណ្ឋារកិច្ចនៅក្នុងព្រះរាជដំណាក់ «ម៉ា តសុណូម៉ា» ដែលនៅទីនោះបន្ទាប់ពីការប្រកាសណែនាំខ្លួនឯកឧត្តមឯកអគ្គរាជទូតជាផ្លូវការ លោកបានថ្វាយព្រះរាជសារតាំង និងព្រះរាជសារដកអតីតឯកអគ្គរាជទូតដែលបានបញ្ចប់បេសកកម្ម ថ្វាយ ចំពោះព្រះករុណា ព្រះចៅអធិរាជ។

លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវព្រះរាជសព្ទសាធុការពរដ៏កក់ក្តៅបំផុតរបស់ ព្រះករុណា ព្រះ មហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏ដូចជារបស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា ថ្វាយចំពោះព្រះករុណា ព្រះចៅអធិរាជ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ហើយនិងដើម្បីសន្តិភាព និងវិបុលភាពជានិរន្តន៍របស់ប្រទេសជប៉ុន។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេសជប៉ុន។ លោកបានវាយ តម្លៃខ្ពស់ចំពោះការតម្លើងកម្រិតនៃទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលឆ្លុះ បញ្ចាំងពីការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកក៏បានសម្តែងការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃការបំពេញបេសកកម្ម របស់ឯកឧត្តម។

លោកឯកអគ្គរដ្ឋទូត បានណែនាំថ្វាយ ព្រះករុណា ព្រះចៅអធិរាជ នូវមន្ត្រីការទូតដែលអមដំណើរលោក ស្របទៅតាមប្រពៃណីនិងពិធីការរបស់ព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះករុណា ព្រះចៅអធិរាជជប៉ុន បានប្រទានព្រះរាជពរជ័យសម្រាប់ភាព ជោគជ័យនៃបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត និងសម្រាប់ការបន្តរីកចម្រើនបន្ថែមទៀតនៃ ទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា៕