សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា

14-05-2026 16:28

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្ដីទី ក្នុងនាមប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមប្រធានព្រឹទ្ធសភា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ បួងសួងដល់គុណតេជះបារមីនៃព្រះបរមរូបអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គដ៏មានឫទ្ធានុភាព សូមព្រះអង្គ ប្រទានព្រះពរប្រោះព្រំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបវរសួស្តី សិរីមង្គល និង ព្រះបរមសុខគ្រប់ប្រការ។

ជាមួយនឹងសមានចិត្តស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្ក ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងនូវព្រះរាជមហាករុណាទិគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌ ព្រះរាជឧត្តមគតិ ព្រះរាជមនសិការស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុង បន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាព សម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ មោទនភាព និងកិត្យានុភាពជាតិ និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ទេវតារក្សាព្រះមហាស្វេច្ឆត្រ ព្រមទាំងព្រះរាជតេជះ បារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕