Fresh Exclusive: ការទូតក្នុងប្រាសាទស្ថានសួគ៌ Temple of Heaven Diplomacy: តើអាមេរិក និងចិន អាចទប់ស្កាត់ការបែកបាក់ថ្មីរបស់ពិភពលោកបានដែរឬទេ? (Video inside)

14-05-2026 16:57

(ភ្នំពេញ)៖ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងចិន ក្នុងដំណើរទស្សនកិច្ចរបស់លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង។ ការជួបគ្នារវាងមេដឹកនាំមហាអំណាចទាំងពីរ បានកើតឡើងស្របពេលពិភពលោកកំពុងប្រឈមវិបត្តិភូមិសាស្ត្រនយោបាយដ៏ធ្ងន់ធ្ងរ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា វិបត្តិថាមពលពិភពលោក និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនៅតែបន្តអូសបន្លាយ។ ក្នុងបរិបទដ៏តានតឹងនេះ សំណួរធំមួយកំពុងត្រូវបានលើកឡើងថា តើអាមេរិក និងចិន អាចគ្រប់គ្រងការប្រកួតប្រជែងរបស់ខ្លួន ដោយមិនធ្វើឱ្យពិភពលោកធ្លាក់ចូលវិបត្តិថ្មីបានដែរឬទេ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ...

នៅក្រោមដំបូលពណ៌ខៀវនៃប្រាសាទស្ថានសួគ៌ ឬ Temple of Heaven ដែលអធិរាជចិនបុរាណ ធ្លាប់ប្រើសម្រាប់ការបួងសួងសុំសន្តិភាព និងសេចក្តីរីកចម្រើនសម្រាប់អាណាចក្រដ៏ធំរបស់ចិន មេដឹកនាំមហាអំណាចធំបំផុតពីររបស់ពិភពលោក ក៏កំពុងព្យាយាមស្វែងរក «ស្ថិរភាព» សម្រាប់ពិភពលោកដូចគ្នា។

ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping បានជួបគ្នានៅទីក្រុង Beijing ក្នុងកិច្ចប្រជុំ ដែលពិភពលោកទាំងមូលកំពុងតាមដានយ៉ាងជិតស្និទ្ធ។ នៅខាងក្រៅពិធីការដ៏អធិកអធម ស្នាមញញឹម និងពាក្យសរសើរគ្នាទៅវិញទៅមក បានបង្កើតបរិយាកាសដូចជាការចាប់ផ្តើមសម័យថ្មីនៃទំនាក់ទំនងអាមេរិក–ចិន។ លោក Xi Jinping បាននិយាយថា ប្រទេសទាំងពីរ «គួរតែជាដៃគូ មិនមែនជាគូប្រជែង» ខណៈប្រធានាធិបតីអាមេរិក បានសរសើរប្រធានាធិបតីចិន ថាជា «មេដឹកនាំដ៏អស្ចារ្យ» និងបន្ថែមថាទំនាក់ទំនងរវាងមហាអំណាចទាំងពីរនឹងល្អជាងពេលណាៗទាំងអស់។ ប៉ុន្តែក្រោមស្នាមញញឹមនៃការទូតនោះ ក៏មានសារព្រមានយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ និងការប្រកួតប្រជែងគ្នា ដែលអាចកំណត់អនាគតសណ្តាប់ធ្នាប់ពិភពលោកថ្មី។

* កិច្ចប្រជុំក្រោមស្រមោលសង្គ្រាមអ៊ីរ៉ង់

សង្គ្រាមអាមេរិក–អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងក្លាយជាស្រមោលធំបំផុតលើកិច្ចប្រជុំ រវាងមេដឹកនាំកំពូលទាំងពីរក្នុងពេលនេះ។ វិបត្តិនៅច្រក Hormuz បានធ្វើឱ្យទីផ្សារថាមពលពិភពលោករងសម្ពាធ ខណៈតម្លៃប្រេង និងការភ័យខ្លាចអំពីការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ កំពុងបង្កការព្រួយបារម្ភដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ នៅក្នុងបរិបទនេះលោក ដូណាល់ ត្រាំ មិនអាចមកកាន់ទីក្រុងប៉េកាំង ដោយឈរលើស្ថានភាព «អាមេរិកធ្លាប់ខ្លាំងជាងគេ» ដូចពេលមុនបានទៀតឡើយ។ ផ្ទុយទៅវិញ អាមេរិកកំពុងត្រូវការចិនក្នុងពេលនេះ ដើម្បីប្រើឥទ្ធិពលចិនដាក់លើប្រទេសអ៊ីរ៉ង់ និងជួយបញ្ចប់វិបត្តិថាមពលដែលអាចបំផ្លាញសេដ្ឋកិច្ចពិភពលោក។ ស្ថានភាពនេះ ធ្វើឱ្យតុល្យភាពនៃកិច្ចប្រជុំ បានផ្លាស់ប្តូរ។

មុនសង្គ្រាមអ៊ីរ៉ង់ អាមេរិកមានអាវុធសម្ពាធដ៏ធំលើប្រទេសចិន ដូចជា ពន្ធគយ ការគ្រប់គ្រងឧបករណ៍អេឡិចត្រូនិក semiconductor controls និងសម្ពាធហិរញ្ញវត្ថុ។ ប៉ុន្តែក្រោយវិបត្តិអ៊ីរ៉ង់ ប្រទេសចិនពេលនេះ កំពុងក្លាយជាតួអង្គដែលអាមេរិកកំពុងត្រូវការជាចាំបាច់។ អ្នកវិភាគខ្លះបានពិពណ៌នាថា សង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យលោក ដូណាល់ ត្រាំ មកកាន់តុចរចាក្នុងស្ថានភាពខ្សោយជាងមុន ព្រោះអាមេរិកកំពុងប្រឈមនឹងសម្ពាធក្នុងស្រុក និងការឡើងថ្លៃប្រេង ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការគាំទ្រនយោបាយនៅក្នុងប្រទេសថែមទៀត។

* កោះតៃវ៉ាន់៖ ខ្សែបន្ទាត់ក្រហមដែលចិនមិនអាចដកថយ

ទោះបីបរិយាកាសសាធារណៈមើលទៅប្រកបដោយភាពកក់ក្តៅ ប៉ុន្តែ លោក Xi Jinping បានផ្ញើសារព្រមានដ៏ត្រង់បំផុតមួយទៅកាន់សហរដ្ឋអាមេរិក។ ប្រធានាធិបតីចិន បាននិយាយថា បញ្ហា Taiwan គឺជា «បញ្ហាសំខាន់បំផុត» ក្នុងទំនាក់ទំនងចិន-អាមេរិក ហើយបើគ្រប់គ្រងមិនបានល្អទេ ប្រទេសទាំងពីរ អាចប៉ះទង្គិច ឬសូម្បីធ្លាក់ចូលក្នុងជម្លោះ។ នេះមិនមែនជាសារការទូតធម្មតាទេ។ វាជាការបញ្ជាក់ថា Taiwan គឺជាបន្ទាត់ក្រហមដាច់ខាតរបស់ចិន ដែលទីក្រុងប៉េកាំងមិនអាចទទួលយកការប៉ះពាល់ ឬការជ្រៀតជ្រែកពីខាងក្រៅបានឡើយ។

សម្រាប់ទីក្រុងប៉េកាំង កោះ Taiwan មិនមែនត្រឹមជាបញ្ហាភូមិសាស្ត្រនយោបាយទេ ប៉ុន្តែជាបញ្ហាអធិបតេយ្យភាព និងភាពស្របច្បាប់នៃប្រទេសចិនទាំងមូល។ ដូច្នេះការលក់អាវុធរបស់អាមេរិកទៅ Taiwan ដែលមានតម្លៃប្រមាណ១៤ពាន់លានដុល្លារក៏កំពុងក្លាយជាចំណុចផ្ទុះដ៏គ្រោះថ្នាក់មួយ។ ជម្លោះ Taiwan ក៏ភ្ជាប់ទៅនឹងការប្រកួតប្រជែងធំជាងនេះដែរ គឺខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិក យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងការទប់ស្កាត់យោធា។ និយាយបែបម្យ៉ាងទៀត Taiwan គឺជាចំណុចដែលអាចបំលែងការប្រកួតប្រជែងសេដ្ឋកិច្ច ទៅជាការប្រកួតប្រជែងយោធាបាន។

* រ៉ែកម្រ Rare Earths៖ អាវុធសេដ្ឋកិច្ចសម័យថ្មីរបស់ចិន

បើនៅក្នុងសម័យមុន មហាអំណាចគ្រាន់តែប្រើប្រេង ឬអាវុធយោធាជាឧបករណ៍ វាបានក្លាយជាសម្ពាធទៅហើយ។ ប៉ុន្តែក្នុងសម័យនេះ ចិនកំពុងកាន់កាប់អាវុធយុទ្ធសាស្ត្រថ្មីមួយដែលពិភពលោកកំពុងពឹងផ្អែកខ្លាំងនោះគឺ រ៉ែកម្រ Rare Earths។

រ៉ែកម្រ គឺជាសារធាតុសំខាន់សម្រាប់ផលិត៖
- យន្តហោះចម្បាំង F-35
- បន្ទះឈីបអេអាយ AI chips
- អាគុយរថយន្តអគ្គីសនី EV batteries
- iPhones
- គ្រឿងឧបករណ៍អេឡិចត្រូនិកទំនើបជាច្រើន។

ការកាន់កាប់ការផ្គត់ផ្គង់រ៉ែកម្រ បានផ្តល់ឱ្យចិន នូវឥទ្ធិពលយុទ្ធសាស្ត្រយ៉ាងខ្លាំង ព្រោះអាមេរិក និងលោកខាងលិច ក៏ត្រូវការរ៉ែកម្រ ដើម្បីផលិតទាំងបច្ចេកវិទ្យាទំនើប និងសម្ភារៈយោធា។នេះមានន័យថា សង្គ្រាមសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរ មិនមែនជាសង្គ្រាមពន្ធគយ ដូចអតីតកាលទៀតទេ ប៉ុន្តែជាសង្គ្រាមលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសារធាតុរ៉ែយុទ្ធសាស្ត្រដែលកំណត់អនាគតបច្ចេកវិទ្យាពិភពលោក។

* លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិន ដែលមិនដូចពេលមុន

ការវិលត្រឡប់របស់លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង នៅឆ្នាំ២០២៦ ខុសពីដំណើរទស្សនកិច្ចឆ្នាំ២០១៧យ៉ាងខ្លាំង។ កាលពីឆ្នាំ២០១៧ ចិននៅតែស្ថិតក្នុងដំណាក់កាលនៃការឈានឡើងទៅរកឋានៈមហាអំណាចពិភពលោក។ ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងបង្ហាញខ្លួនជាប្រទេសដែលមានទំនុកចិត្តខ្ពស់ជាងមុន និងកំពុងបង្ហាញខ្លួនជា «មហាអំណាចពិភពលោក ដែលមានស្ថិរភាព»។

BBC News បានពិពណ៌នាថា លោក Trump បានត្រឡប់មកកាន់ «ចិនដែលខ្លាំង និងមានភាពជឿជាក់លើខ្លួនឯងជាងមុន»។ នៅក្នុងកិច្ចប្រជុំនោះ លោក Xi Jinping ក៏បានព្យាយាមបង្ហាញថា ចិនជាប្រទេសដែលអាចផ្តល់ «ស្ថិរភាព» ដល់ពិភពលោក ខណៈដែលសង្គ្រាម វិបត្តិសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា កំពុងធ្វើឱ្យពិភពលោកអស់កម្លាំង។ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងនោះ ការនាំលោក Trump ទៅកាន់ Temple of Heaven ឬ «ប្រាសាទស្ថានសួគ៌» ក៏មិនមែនជាការជ្រើសរើសដោយចៃដន្យដែរ។ វាជាប្រភេទ «ការទូតអរិយធម៌» ដែលចិនកំពុងប្រើ ដើម្បីបង្ហាញថា ខ្លួនមិនមែនត្រឹមជាមហាអំណាចសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ និងមានស្ថិរភាពយូរអង្វែង។

សេចក្តីសន្និដ្ឋាន៖ កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក-ចិន នៅទីក្រុងប៉េកាំង មិនមែនជាសញ្ញានៃការបញ្ចប់ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនោះទេ។ ផ្ទុយទៅវិញ វាជាការព្យាយាមគ្រប់គ្រងការប្រកួតប្រជែងដ៏គ្រោះថ្នាក់រវាងប្រទេសទាំងពីរនេះ ដើម្បីកុំឱ្យវាវិវត្តទៅជាការប៉ះទង្គិច ដែលអាចរុញពិភពលោកចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច សង្គ្រាម និងការបែកបាក់ភូមិសាស្ត្រនយោបាយថ្មីមួយ។

ក្រោមស្នាមញញឹមពិធីការដ៏អធិកអធម និងដំណើរទស្សនកិច្ចទៅកាន់ Temple of Heaven ឬ «ប្រាសាទស្ថានសួគ៌» ពិភពលោកកំពុងឃើញការប្រកួតប្រជែងដ៏ស្មុគស្មាញបំផុតមួយរវាងមហាអំណាចទាំងពីរ ដែលកំពុងប្រជែងគ្នាលើអំណាច បច្ចេកវិទ្យា ពាណិជ្ជកម្ម និងឥទ្ធិពលយុទ្ធសាស្ត្រ ប៉ុន្តែពេលតែមួយ ក៏ត្រូវការគ្នាដើម្បីរក្សាស្ថិរភាពពិភពលោកផងដែរ។

នៅក្នុងសម័យដែលសង្គ្រាមអ៊ីរ៉ង់ វិបត្តិថាមពល ការប្រកួតប្រជែង AI និងបញ្ហា Taiwan កំពុងបង្កើនហានិភ័យនៃការបែកបាក់សណ្តាប់ធ្នាប់ពិភពលោក សំណួរធំបំផុតមិនមែនថាតើអាមេរិក និងចិន អាចក្លាយជាមិត្តរវាងគ្នាបានដែរឬទេនោះទេ ប៉ុន្តែគឺថាតើមហាអំណាចទាំងពីរ អាចគ្រប់គ្រងការប្រកួតប្រជែងរបស់ខ្លួន ដោយមិនធ្វើឱ្យពិភពលោកធ្លាក់ចូលវិបត្តិថ្មីបានដែរឬទេ៕