ប្រធាន FAO ប្រចាំនៅកម្ពុជា៖ ស្ថានីយកសិឧតុនិយម ជួយឱ្យការដាំដុះដំណាំគ្រប់ប្រភេទកាន់តែមានទិន្នផលខ្ពស់, កសិករជិតកន្លះលាននាក់កំពុងទទួលផល (Video inside)
14-05-2026 17:56
(សៀមរាប)៖ លោកស្រី Rebekah Olivia Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅកម្ពុជាបានលើកឡើងថា ស្ថានីយកសិឧតុនិយម ដែលបច្ចុប្បន្ននេះ បាននិងកំពុងដំឡើងក្នុងខេត្តចំនួន៤ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងកំពង់ធំ នឹងជួយជំរុញបរិវត្តកម្មវិស័យកសិកម្មតាមបែបឌីជីថល តាមរយៈការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ និងអ៊ែប ដែលជួយឱ្យការដាំដុះដំណាំគ្រប់ប្រភេទកាន់តែមានទិន្នផលខ្ពស់ ខណៈបច្ចុប្បន្ននេះកសិករប្រមាណ ៤៥ម៉ឺននាក់កំពុងទទួលផលពីគម្រោងនេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រីបានពន្យល់ថា «ស្ថានីយកសិឧតុនិយម នឹងផ្តល់ព័ត៌មានពីធាតុអាកាស ដូចជា តើអាកាសធាតុក្តៅប៉ុណ្ណា? មានសំណើមប៉ុណ្ណា? ត្រជាក់ប៉ុណ្ណា? សើមកម្រិតណា? ឬស្ងួតកម្រិតណា? ព័ត៌មានទាំងនេះពិតជាសំខាន់សម្រាប់កសិករ។ នេះជាមូលហេតុដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ចាំបាច់ត្រូវដាក់ឱ្យប្រើ «ស្ថានីយកសិឧតុនិយម» ព្រោះថា បើកាលណាស្ថានភាពធាតុអាកាសមានលក្ខណៈខុសគ្នា ដូច្នេះកសិករនឹងត្រូវបង្កបង្កើនផលតាមរបៀបផ្សេង។ កសិករនឹងពិចារណា ថាតើជាពេលសមស្របសម្រាប់ដាំដុះដែរ ឬទេ? តើធាតុអាកាសក្តៅពេក ឬសើមពេកសម្រាប់ប្រើថ្នាំកសិកម្មឬទេ? តើដល់ពេលប្រមូលផលហើយឬនៅ? តើគួរតែស្រោចដំណាំនៅសប្តាហ៍នេះទេ បើគង់តែនឹងភ្លៀងធ្លាក់នាពេលខាងមុខ?»
ដោយទទួលបានថវិកាពីមូលនិធិអាកាសធាតុបៃតង (GCF) រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងស្ថានីយកសិឧតុនិយមនៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងកំពង់ធំ។ នៅក្នុងខេត្តទាំងនេះអង្គការ FAO រួមជាមួយក្រសួងធនធានទឹក និងឧតុនិយម បានរួមសហការគ្នាដំឡើងស្ថានីយស្ថានីយកសិឧតុនិយមថ្មីៗបន្ថែម និងជួយជួសជុល ថែទាំស្ថានីយដែលមានស្រាប់ជាច្រើនផងដែរ ដែលមកទល់ពេលនេះ មានចំនួន២០ទីតាំង។
លោកស្រី Rebekah បានគូសបញ្ជាក់បន្ថែមថា «អ្វីដែលសំខាន់ខ្លាំងនោះគឺ នៅពេលរាជរដ្ឋាភិបាលបញ្ចប់ការដាក់ពង្រាយបណ្តាញស្ថានីយបែបនេះនៅទូទាំងប្រទេស យើងអាចដាក់បញ្ចូលព័ត៌មានពីបច្ចេកវិទ្យាផ្កាយរណប ព្រមទាំងព័ត៌មានដែលប្រមូលបាននៅលើដី ដូច្នេះមិនយូរទេកសិកររបស់យើងនឹងអាចប្រើប្រាស់ឧបករណ៍ឧបករណ៍ទំនើបបែបនេះ (ដែលយើងហៅថា ឧបករណ៍ឆ្លាតវៃ ដែលប្រើដោយប្រព័ន្ធអ៊ីនធឺណិត) នៅឯចម្ការរបស់ពួកគាត់។ ការរួមផ្សំនៃបច្ចេកវិទ្យាទាំងបីកម្រិតនេះ នឹងជួយជំរុញបរិវត្តកម្មវិស័យកសិកម្មតាមបែបឌីជីថល ព្រមទាំងជួយដល់កសិករ និងដំណាំរបស់ពួកគាត់កាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្ថានភាពនៃការប្រែប្រួលធាតុអាកាសនាពេលបច្ចុប្បន្ន»។
បើតាមប្រធាន FAO ប្រចាំនៅកម្ពុជា បច្ចុប្បន្ននេះ ប្រជាកសិករកម្ពុជាចំនួនប្រមាណ៤៥ម៉ឺននាក់នៅក្នុងខេត្តគោលដៅ នឹងទទួលបានអ្តថប្រយោជន៍ដោយផ្ទាល់ពីស្ថានីយទាំងនេះ ព្រមទាំងបានស្វែងយល់ពីផលជះនៃកត្តាធាតុអាកាស ឬការប្រែប្រួលអាកាសធាតុ លើដំណាំរបស់ពួកគាត់។ លើសពីនេះ កសិករប្រមាណ ១.៥ លាននាក់ នៅក្នុងខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ និងកំពង់ធំ ក៏នឹងទទួលបាន និងប្រើប្រាស់ព័ត៌មានដូចៗគ្នា។ លោកស្រី សង្ឃឹមថា ប្រជាកសិករនឹងចែករំលែកចំណេះដឹងទៅកាន់កសិករផ្សេងទៀត ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាពង្រីកការយល់ដឹងអំពីវិស័យអាកាសធាតុ ដែលជាកត្តាដ៏សំខាន់សម្រាប់ការងារកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពបំផុត បើទោះជាស្ថិតក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុដ៏លំបាកនាពេលបច្ចុប្បន្ននេះក៏ដោយ។
លោស្រីបន្តថា «អង្គកា FAO ពិតជាមានមោទនភាពក្រៃលែង ដែលបានបំពេញការងារក្នុងនាមភាពជាដៃគូជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ លើការងារដំឡើងស្ថានីយឧតុនិយមទាំងនេះ។ បច្ចុប្បន្ន យើងមិនត្រឹមតែធ្វើការដំឡើងស្ថានីយជាមួយក្រសួងខាងលើប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងស្វែងរកហិរញ្ញប្បទានបន្ថែម ដើម្បីសម្រេចឱ្យបានពេញលេញលើការងារនេះផងដែរ។ ដូចដែលខ្ញុំបានលើកឡើង មិនមែនមានតែស្ថានីយមួយទេ ប៉ុន្តែត្រូវការស្ថានីយជាច្រើន អាចនិយាបបានថានៅតំបន់វាលរាប ក្នុងរយៈចម្ងាយ៥០គីឡូម៉ែត្រ គេត្រូវដំឡើងស្ថានីយកសិឧតុនិយមមួយ ប៉ុន្តែនៅតំបន់ខ្ពង់រាបវិញក្នុងរយៈចម្ងាយចន្លោះពី១៥ ទៅ ២០ គីឡូម៉ែត្រ គេនឹងត្រូវដំឡើងកសិឧតុនិយមមួយ។ ដូច្នេះ យើងត្រូវរៀបចំកញ្ចប់ហិរញ្ញប្បទាន ឬហិរញ្ញប្បទានចម្រុះ ដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាការពិតសម្រាប់កម្ពុជា»៕














